ចោទិយ‌កថា 1:6-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង នៅ​ត្រង់​ភ្នំ​ហោរែប​ថា ឯង​រាល់​គ្នា​បាន​នៅ​ភ្នំ​នេះ​ល្មម​ប៉ុណ្ណេះ​ហើយ

7. ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​ចុះ ហើយ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី និង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​ជា​ស្រុក​វាល ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​ក្បែរ​សមុទ្រ និង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត

8. មើល អញ​បាន​ប្រគល់​ស្រុក​នោះ ឲ្យ​ឯង​រាល់​គ្នា​ហើយ ដូច្នេះ​ឲ្យ​ចូល​ទៅ ទទួល​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង​រាល់​គ្នា​ចុះ គឺ​ថា​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ហើយ​នឹង​ពូជ​ដំណ​លោក​ត​ទៅ។

9. នៅ​វេលា​នោះ អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា​ថា អញ​ពុំ​អាច​នឹង​បី​ទ្រ​ឯង​រាល់​គ្នា​តែ​ម្នាក់​ឯង​បាន​ទេ

10. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ចំរើន​ឯង​ជា​ច្រើន​ឡើង ហើយ​មើល សព្វ​ថ្ងៃ​នេះ ឯង​មាន​គ្នា​យ៉ាង​សន្ធឹក ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ

11. សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង ចំរើន​ឲ្យ​បាន​គ្នា​ជា​ច្រើន​លើស​ជាង​ឥឡូវ​នេះ ជា​១​ពាន់​ដង​ទៅ​ទៀត​ចុះ ហើយ​ប្រទាន​ពរ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​រាល់​គ្នា​ដែរ

12. តែ​ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​តែ​ម្នាក់​ឯង ទ្រាំទ្រ​នឹង​ឯង​រាល់​គ្នា ដែល​ជា​បន្ទុក ហើយ​ជា​សេចក្ដី​លំបាក​ដល់​អញ​ដូច្នេះ និង​សេចក្ដី​ឈ្លោះ​ប្រកែក​របស់​ឯង​រាល់​គ្នា​ទៅ​បាន

13. ចូរ​ឲ្យ​ឯង​រាល់​គ្នា​រើស​យក​មនុស្ស​ដែល​មាន​ប្រាជ្ញា មាន​យោបល់ ហើយ​មាន​ឈ្មោះ​ក្នុង​ពូជ​អំបូរ​ឯង​រាល់​គ្នា​មក នោះ​អញ​នឹង​តាំង​គេ​ឲ្យ​ធ្វើ​ជា​មេ​លើ​ឯង​រាល់​គ្នា

14. រួច​ឯង​រាល់​គ្នា​បាន​ឆ្លើយ​មក​អញ​ថា សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍​មក នោះ​ស្រួល​ហើយ

15. ដូច្នេះ​អញ​ក៏​បាន​យក​ពួក​មេ​លើ​ពូជ​អំបូរ​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​មាន​ឈ្មោះ​តាំង​គេ​ឡើង​លើ​ឯង​រាល់​គ្នា គឺ​ជា​មេ​លើ​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់ ព្រម​ទាំង​នាយក​ផង តាម​ពូជ​អំបូរ​របស់​ឯង​រាល់​គ្នា

ចោទិយ‌កថា 1