2. ដើម្បីឲ្យគេមានចិត្តក្សាន្ត ដោយបានរួបរួមគ្នាមកក្នុងសេចក្តីស្រឡាញ់ ហើយឲ្យបានអស់ទាំងផលប្រយោជន៍នៃប្រាជ្ញា ដែលជឿជាក់ផ្តាច់ ដើម្បីឲ្យបានស្គាល់សេចក្តីអាថ៌កំបាំងនៃព្រះ គឺជាព្រះគ្រីស្ទ
3. ដែលមានគ្រប់ទាំងផលថ្លៃវិសេសនៃប្រាជ្ញា និងសេចក្តីចេះដឹងលាក់ទុកក្នុងទ្រង់
4. ហើយដែលខ្ញុំថាដូច្នេះ នោះគឺក្រែងលោមានអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យលលួង
5. ដ្បិតទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ក៏ដោយ គង់តែនៅជាមួយខាងវិញ្ញាណដែរ ទាំងមានសេចក្តីអំណរ ដោយឃើញសណ្តាប់ធ្នាប់របស់អ្នករាល់គ្នា និងសេចក្តីខ្ជាប់ខ្ជួននៃសេចក្តីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទ។
6. ដូច្នេះ ដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់ បែបយ៉ាងណា នោះចូរដើរក្នុងទ្រង់តាមបែបយ៉ាងនោះចុះ
7. ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿ ដូចជាបានបង្រៀនដល់អ្នករាល់គ្នាហើយ ព្រមទាំងអរព្រះគុណកាន់តែច្រើនឡើងផង។
8. ចូរប្រយ័ត្ន ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ និងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្តាប់បុរាណរបស់មនុស្ស តាមបថមសិក្សានៅនាលោកីយ៍ គឺមិនមែនតាមព្រះគ្រីស្ទទេ
9. ដ្បិតមានគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្ឋិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង
10. ហើយអ្នករាល់គ្នាក៏ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រង និងអំណាចទាំងប៉ុន្មាន
11. អ្នករាល់គ្នាបានទទួលកាត់ស្បែកម្យ៉ាងក្នុងទ្រង់ ដែលមិនបានធ្វើដោយដៃមនុស្សទេ គឺជាការដោះរូបកាយខាងសាច់ឈាមចេញ ដោយទទួលការកាត់ស្បែករបស់ព្រះគ្រីស្ទវិញ
12. ហើយអ្នករាល់គ្នាបានកប់ជាមួយនឹងទ្រង់ក្នុងបុណ្យជ្រមុជ ក៏បានរស់ឡើងវិញជាមួយនឹងទ្រង់ ដោយសារសេចក្តីជំនឿជឿដល់ឫទ្ធិបារមីនៃព្រះ ដែលទ្រង់បានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ
13. ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា
14. ទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្តីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង
15. ទ្រង់បានទាំងទំលាក់ងារពីពួកគ្រប់គ្រង និងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្តាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជំនះ ដោយសារឈើឆ្កាងនោះឯង។
16. ដូច្នេះ កុំទុកឲ្យអ្នកណានិន្ទាអ្នករាល់គ្នា ពីរឿងចំណីអាហារ ឬគ្រឿងផឹក ឬពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃឈប់សំរាកឡើយ
17. សេចក្តីទាំងនេះជាស្រមោលនៃការដែលត្រូវមក តែតួរូបអង្គនោះ គឺជាព្រះគ្រីស្ទ
18. កុំឲ្យអ្នកណាបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នា តាមតែចិត្តឡើយ ដោយគេប្រព្រឹត្តបែបសុភាព ទាំងថ្វាយបង្គំពួកទេវតា ទាំងសៀតស៊កចូលទៅក្នុងការដែលខ្លួនមើលមិនឃើញ ហើយមានចិត្តប៉ោងឡើង ដោយគំនិតខាងសាច់ឈាមគេនោះ
19. គេមិនកាន់ជាប់តាមសិរសាទេ ដែលដោយសារសិរសានោះ រូបកាយទាំងមូលបានមានកំឡាំង ហើយជាប់គ្នា ដោយសារសន្លាក់ និងសរសៃទាំងប៉ុន្មាន ឲ្យបានចំរើនឡើង ដោយសេចក្តីចំរើនរបស់ព្រះ។
20. ដូច្នេះ បើសិនជាអ្នករាល់គ្នាបានស្លាប់ទៅ ជាមួយនឹងព្រះគ្រីស្ទ ខាងឯបថមសិក្សារបស់លោកីយ៍នេះមែន នោះតើហេតុអ្វីបានជាអ្នករាល់គ្នា ធ្វើដូចជារស់នៅជាប់ក្នុងលោកីយ៍នៅឡើយ ដោយចុះចូលនឹងសេចក្តីបញ្ញត្តទាំងប៉ុន្មានវិញ
21. ដូចជាថា កុំឲ្យកាន់ កុំឲ្យភ្លក់ កុំឲ្យពាល់ឲ្យសោះ
22. គឺតាមសេចក្តីហាមប្រាម និងសេចក្តីបង្រៀនរបស់មនុស្ស ដែលសេចក្តីទាំងនោះតែងតែវិនាសបាត់ទៅដោយការប្រើប្រាស់