កិច្ចការ 7:49-57 ព្រះគម្ពីរបរិសុទ្ធ (KHOV)

49. «ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​ឯង​រាល់​គ្នា​នឹង​ស្អាង​ដំណាក់​ណា​ឲ្យ​អញ ឬ​កន្លែង​ណា​ឲ្យ​អញ​ឈប់​សំរាក​បាន

50. តើ​មិន​មែន​ដៃ​អញ ដែល​បង្កើត​របស់​ទាំង​នេះ​ទេ​ឬ​អី»

51. ឱ​ពួក​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត​មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ អ្នក​រាល់​គ្នា​ចេះ​តែ​ទាស់​ទទឹង នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា​ដរាប ពួក​ឰយុកោ​អ្នក​រាល់​គ្នា​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​យ៉ាង​នោះ​ដែរ

52. តើ​មាន​ហោរា​ណា​មួយ ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​គេ​បាន​សំឡាប់​ពួក​អ្នក ដែល​ទាយ​ពី​ដំណើរ​ព្រះ​ដ៏​សុចរិត​ត្រូវ​យាង​មក​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ក៏​បាន​ក្បត់ ហើយ​សំឡាប់​ព្រះ‌អង្គ​នោះ

53. អ្នក​រាល់​គ្នា​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យ‌វិន័យ ដោយ​ព្រះ​ចាត់‌ចែង​ពួក​ទេវតា​មក តែ​មិន​បាន​កាន់​តាម​សោះ។

54. កាល​បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​កើត​មាន​ចិត្ត​ក្តៅ​ក្រហាយ​ណាស់ ទាំង​សង្កៀត​ធ្មេញ​ដាក់​គាត់​ផង

55. តែ​ដែល​គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​ក៏​សំឡឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌ល្អ​នៃ​ព្រះ និង​ព្រះ‌យេស៊ូវ​ឈរ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ

56. រួច​គាត់​មាន​វាចា​ថា មើល ខ្ញុំ​ឃើញ​មេឃ​ចំហ និង​កូន​មនុស្ស​ឈរ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ

57. នោះ​គេ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​លើ​គាត់

កិច្ចការ 7