10. ហើយក៏ប្រោសឲ្យលោករួច ពីគ្រប់ទាំងសេចក្ដីវេទនាទាំងអស់វិញ ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ ហើយឲ្យជាទីគាប់ព្រះទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដែលតាំងឲ្យលោកធ្វើជាចៅហ្វាយលើស្រុកនោះ និងលើព្រះរាជវាំងទាំងមូលផង
11. រីឯនៅស្រុកអេស៊ីព្ទ និងស្រុកកាណាន ក៏កើតមានអំណត់អត់បាយគ្រប់កន្លែង មានសេចក្ដីវេទនាជាខ្លាំង ហើយពួកឰយុកោនៃយើងរាល់គ្នា គេរកអ្វីនឹងចិញ្ចឹមជីវិតមិនបាន
12. នោះលោកយ៉ាកុបឮថា មានស្រូវនៅស្រុកអេស៊ីព្ទ ក៏ចាត់ប្រើពួកឰយុកោយើង ឲ្យទៅជាជាន់មុនដំបូង
13. លុះដល់លើកទី២ ទើបលោកយ៉ូសែបបានឲ្យបងប្អូនស្គាល់ខ្លួន ហើយផារ៉ោនក៏បានស្គាល់គ្រួសារនៃលោកយ៉ូសែបដែរ
14. រួចលោកយ៉ូសែបប្រើពួកបងប្អូន ឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក និងញាតិសន្តានទាំងប៉ុន្មាន មានចំនួន៧៥នាក់ឲ្យមក
15. ដូច្នេះ លោកយ៉ាកុបក៏ចុះទៅនៅស្រុកអេស៊ីព្ទ ហើយបានស្លាប់នៅទីនោះ ព្រមទាំងពួកឰយុកោយើងដែរ
16. គេដង្ហែសពលោកទៅឯស្រុកស៊ីគែម បញ្ចុះក្នុងផ្នូរ ដែលលោកអ័ប្រាហាំបានទិញ ពីពួកកូនចៅហេម័រ ជាអ្នកស្រុកស៊ីគែមនោះ។
17. កាលជិតដល់កំណត់នៃសេចក្ដីសន្យា ដែលព្រះបានស្បថនឹងលោកអ័ប្រាហាំហើយ នោះសាសន៍យើងក៏ចំរើនជាច្រើនឡើង នៅស្រុកអេស៊ីព្ទ
18. ដរាបដល់មានស្តេច១ទៀតសោយរាជ្យឡើង ដែលមិនបានស្គាល់លោកយ៉ូសែបទេ
19. ស្តេចនោះប្រព្រឹត្តនឹងសាសន៍យើងដោយឆ្លៀវឆ្លាត ទាំងធ្វើទុក្ខដល់ពួកឰយុកោយើង ដោយបង្ខំឲ្យគេចោលអស់ទាំងកូនង៉ែតរបស់គេចេញ មិនឲ្យមាននៅរស់ឡើយ
20. នៅគ្រានោះ លោកម៉ូសេបានកើតមក ជាកូនយ៉ាងស្រស់ល្អដល់ព្រះ គេក៏ចិញ្ចឹមនៅក្នុងផ្ទះឪពុកអស់៣ខែ
21. កាលគេត្រូវដាក់នៅខាងក្រៅវិញ នោះព្រះរាជបុត្រីផារ៉ោនក៏យកទៅចិញ្ចឹម ទុកជាកូនបង្កើត
22. លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជា នៃសាសន៍អេស៊ីព្ទ ហើយក៏មានពាក្យសំដី និងការធ្វើយ៉ាងចំណាន
23. កាលលោកបានអាយុ៤០ឆ្នាំហើយ នោះមានចិត្តភ្នកនឹករឭក ចង់ទៅសួរពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនខ្លួន
24. លុះបានឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែធ្វើទុក្ខដល់បងប្អូនខ្លួនម្នាក់ នោះក៏ជួយការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេសង្កត់សង្កិន ដោយសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះបង់