1. កាលអ្នកទាំង២ កំពុងតែនិយាយនឹងបណ្តាជននៅឡើយ នោះពួកសង្ឃ និងពួកសាឌូស៊ី ព្រមទាំងមេទ័ពរក្សាព្រះវិហារ ក៏មកដល់
2. គេមានសេចក្ដីអាក់អន់ចិត្តពីដំណើរដែលគាត់បង្រៀនដល់ពួកជន ហើយក៏សំដែងប្រាប់ដល់បណ្តាជន ពីសេចក្ដីរស់ពីស្លាប់ឡើងវិញ ដោយសារព្រះយេស៊ូវ
3. គេក៏ចាប់អ្នកទាំង២ នាំទៅឃុំទុកដរាបដល់ស្អែក ដ្បិតពេលនោះល្ងាចហើយ
4. ប៉ុន្តែ ឯពួកអ្នកដែលឮព្រះបន្ទូល នោះមានគ្នាជាច្រើនបានជឿ ហើយពួកដែលជឿ ក៏បានកើនឡើងមានប្រុសៗ ប្រហែលជា៥ពាន់នាក់។
5. ដល់ស្អែកឡើង ពួកនាម៉ឺន ពួកចាស់ទុំ និងពួកអាចារ្យ ក៏ប្រជុំគ្នានៅក្រុងយេរូសាឡិម
6. ព្រមទាំងលោកអាណ ជាសំដេចសង្ឃ លោកកៃផា លោកយ៉ូហាន និងលោកអ័លេក្សានត្រុស ហើយអស់អ្នកដែលជាគ្រួសារនៃសំដេចសង្ឃដែរ
7. កាលបាននាំអ្នកទាំង២មក ដាក់នៅកណ្តាលចំណោមហើយ នោះក៏ពិចារណាសួរថា ឯងបានធ្វើការនោះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះណា
8. នោះពេត្រុស ដែលពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏ជំរាបថា ឱលោកដ៏ធំលើបណ្តាជន និងពួកលោកចាស់ទុំទាំងឡាយ នៃសាសន៍អ៊ីស្រាអែលអើយ
9. នៅថ្ងៃនេះ បើសិនជាលោកអ្នករាល់គ្នា គិតពិចារណាសួរយើងខ្ញុំ ពីដំណើរការល្អ ដែលបានធ្វើដល់មនុស្សពិការនោះថា គាត់បានជាដោយសារអ្វី
10. នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផង ថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ