22. តែព្រះទ្រង់បានជួយទូលបង្គំ ដរាបមកដល់ថ្ងៃនេះ បានជាទូលបង្គំឈរធ្វើបន្ទាល់ដល់អ្នកតូចធំ ដោយគ្មាននិយាយអ្វី ឲ្យលើសពីសេចក្ដីដែលពួកហោរា និងលោកម៉ូសេបានទាយថាត្រូវមកនោះឡើយ
23. គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខ ហើយថាដោយសារទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញមុនគេទាំងអស់ នោះទ្រង់បានប្រកាសប្រាប់ពីពន្លឺ ដល់សាសន៍នេះ ហើយដល់សាសន៍ដទៃផង។
24. កំពុងដែលគាត់និយាយសេចក្ដីទាំងនោះ ដើម្បីដោះសារខ្លួន នោះលោកភេស្ទុសឡើងសំឡេងកាត់ថា ប៉ុលអើយ ឯងឆ្កួតទេ ឯងរៀនសូត្រជាច្រើនដល់ម៉្លេះ បានជាឆ្កួតហើយ
25. តែគាត់ប្រកែកថា ព្រះតេជព្រះគុណភេស្ទុសអើយ ខ្ញុំប្របាទមិនមែនឆ្កួតទេ ខ្ញុំប្របាទនិយាយចំពោះពាក្យពិត ហើយជានាទេតើ
26. ដ្បិតព្រះករុណាទ្រង់បានជ្រាបការទាំងនេះហើយ ខ្ញុំប្របាទក៏ទូលដល់ទ្រង់ដោយក្លាហានដែរ ព្រោះខ្ញុំប្របាទជឿប្រាកដថា ក្នុងការទាំងនេះគ្មានអ្វីលាក់កំបាំងនឹងទ្រង់ទេ ដ្បិតមិនមែនធ្វើនៅកៀនកោះឯណាឡើយ
27. បពិត្រព្រះរាជាអ័គ្រីប៉ាអើយ តើទ្រង់ជឿសេចក្ដីទំនាយរបស់ពួកហោរាឬទេ ទូលបង្គំដឹងថាទ្រង់ជឿហើយ
28. ស្តេចអ័គ្រីប៉ាក៏មានព្រះបន្ទូលទៅប៉ុលថា បន្តិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ
29. រួចប៉ុលទូលថា ទូលបង្គំសូមដល់ព្រះ មិនមែនឲ្យត្រឹមតែព្រះករុណាប៉ុណ្ណោះ គឺឲ្យអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅបន្តិចទៀត ឬយូរទៅទៀតក្តី ឲ្យតែគ្រប់គ្នាបានដូចទូលបង្គំ លើកតែចំណងនេះចេញ។