10. ដូច្នេះ ស្ដេចមិនចង់យកហិបរបស់ព្រះអម្ចាស់ ចូលទៅក្នុងដំណាក់ នៅបុរីរបស់ព្រះបាទដាវីឌ តែទ្រង់បានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេដអេដុម ជាអ្នកស្រុកកាថ។
11. ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេដអេដុម ជាអ្នកស្រុកកាថចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់លោកអូបេដអេដុម និងក្រុមគ្រួសាររបស់គាត់ទាំងមូល។
12. មានគេទូលព្រះបាទដាវីឌថា៖ «ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសារលោកអូបេដអេដុម ព្រមទាំងអ្វីៗដែលគាត់មាន ដោយសារតែហិបរបស់ព្រះជាម្ចាស់»។ ពេលនោះ ព្រះបាទដាវីឌក៏យាងទៅផ្ទះលោកអូបេដអេដុម ដើម្បីនាំយកហិបចូលមកបុរីរបស់ព្រះបាទដាវីឌ ដោយមានក្បួនដង្ហែយ៉ាងសប្បាយរីករាយផង។
13. នៅពេលពួកអ្នកសែងហិបរបស់ព្រះអម្ចាស់ ដើរបានប្រាំមួយជំហាន ព្រះបាទដាវីឌយកគោឈ្មោលមួយ និងកូនគោធាត់មួយ មកថ្វាយជាយញ្ញបូជា។