1. កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលនាំគ្នាមកគាល់ព្រះបាទដាវីឌ នៅក្រុងហេប្រូន ហើយទូលថា៖ «ទូលបង្គំទាំងអស់គ្នាក៏ជាសាច់សាលោហិតរបស់ព្រះករុណាដែរ។
2. កាលពីមុន នៅគ្រាដែលព្រះបាទសូលគ្រងរាជ្យលើពួកទូលបង្គំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណាថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។
3. ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលចូលមកគាល់ព្រះរាជា នៅក្រុងហេប្រូន។ ព្រះបាទដាវីឌបានចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅក្រុងហេប្រូន រួចហើយពួកគេចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្ដេចរបស់ជនជាតិអ៊ីស្រាអែល។
4. នៅពេលឡើងគ្រងរាជ្យ ព្រះបាទដាវីឌមានព្រះជន្មាយុសាមសិបវស្សា ហើយសោយរាជ្យបានសែសិបឆ្នាំ។
5. នៅក្រុងហេប្រូន ទ្រង់សោយរាជ្យលើស្រុកយូដាបានប្រាំពីរឆ្នាំកន្លះ បន្ទាប់មក នៅក្រុងយេរូសាឡឹម ទ្រង់សោយរាជ្យបានសាមសិបបីឆ្នាំលើស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូល។
6. ព្រះបាទដាវីឌ ព្រមទាំងកងទ័ពនាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម។ ជនជាតិយេប៊ូសដែលរស់នៅតំបន់នោះ និយាយប្រមាថព្រះបាទដាវីឌថា៖ «អ្នកឯងចូលក្នុងទីក្រុងរបស់យើងមិនបានទេ ទោះបីមនុស្សខ្វាក់ ឬមនុស្សខ្វិន ក៏អាចរុញច្រានអ្នកឲ្យថយក្រោយវិញដែរ»។ គេពោលដូច្នេះ មកពីគេគិតថា ព្រះបាទដាវីឌមិនអាចដណ្ដើមយកទីក្រុងឡើយ។