២ សាំយូ‌អែល 3:7-10 Khmer Standard Version (KHSV)

7. ព្រះ‌បាទ​សូល​មាន​ស្នំ​ឯក​ម្នាក់​ឈ្មោះ​នាង​រីស‌ប៉ា ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អយ៉ា។ ព្រះ‌បាទ​អ៊ីស‌បូសែត​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អប៊ី‌នើរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​រួម​ដំណេក​ជា​មួយ​ស្នំ​ឯក​របស់​បិតា​យើង?»។

8. កាល​ឮ​ព្រះ‌បាទ​អ៊ីស‌បូសែត​មាន​រាជ‌ឱង្ការ​ដូច្នេះ លោក​អប៊ី‌នើរ​ច្រឡោត​ខឹង​ជា​ខ្លាំង ហើយ​ឆ្លើយ​ទៅ​ស្ដេច​វិញ​ថា៖ «តើ​ទូលបង្គំ​ជា​ឆ្កែ​បម្រើ​ពួក​យូដា​ឬ? រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ទូលបង្គំ​សម្តែង​ភក្ដី‌ភាព​ចំពោះ​រាជ‌វង្ស​ព្រះ‌បាទ​សូល ដែល​ជា​បិតា​របស់​ព្រះ‌ករុណា​ចំពោះ​បង‌ប្អូន និង​មិត្ត‌ភក្ដិ​របស់​ព្រះ‌ករុណា។ ទូលបង្គំ​ពុំ​បាន​ប្រគល់​ព្រះ‌ករុណា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ដាវីឌ​ឡើយ។ ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ ព្រះ‌ករុណា​បែរ​ជា​ស្ដី​បន្ទោស​ទូលបង្គំ ព្រោះ​តែ​រឿង​ស្រី​ទៅ​វិញ!។

9. ដូច្នេះ ប្រសិន​បើ​ទូលបង្គំ​មិន​ផ្ទេរ​រាជ​សម្បត្តិ​នេះ​ទៅ​ឲ្យ​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ទេ សូម​ព្រះ‌អង្គ​ដាក់​ទោស​ទូលបង្គំ​យ៉ាង​ធ្ងន់​ចុះ!

10. ដ្បិត​ព្រះ‌អម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​ដក​រាជ​សម្បត្តិ​ចេញ​ពី​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល ហើយ​តែង‌តាំង​ព្រះ‌បាទ​ដាវីឌ​ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល និង​យូដា ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​បៀរ‌សេបា»។

២ សាំយូ‌អែល 3