២ សាំយូ‌អែល 3:11-18 Khmer Standard Version (KHSV)

11. ព្រះ‌បាទ​អ៊ីស‌បូសែត​មិន​ហ៊ាន​ឆ្លើយ​ទៅ​លោក​អប៊ី‌នើរ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ ព្រោះ​ទ្រង់​ខ្លាច​លោក​អប៊ី‌នើរ​ណាស់។

12. លោក​អប៊ី‌នើរ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ដើម្បី​ទូល​ថា៖ «តើ​ស្រុក​នេះ​ជា​កម្មសិទ្ធិ​របស់​នរណា? សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ទូលបង្គំ​មក នោះ​ទូលបង្គំ​នឹង​ជួយ​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា»។

13. ព្រះ‌បាទ​ដាវីឌ​ឆ្លើយ​ទៅ​វិញ​ថា៖ «យើង​យល់​ព្រម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក ប៉ុន្តែ យើង​មាន​សំណូម​ពរ​តែ​មួយ​ប៉ុណ្ណោះ គឺ​ពេល​លោក​មក​ជួប​យើង ត្រូវ​នាំ​ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល​មក​ជា​មួយ​ផង បើ​មិន​ដូច្នោះ​ទេ សូម​កុំ​មក​ជួប​មុខ​យើង​ឡើយ»។

14. បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល​ថា៖ «សូម​ប្រគល់​ព្រះ‌នាង​មិកាល់ ជា​មហេសី​របស់​ទូលបង្គំ មក​ឲ្យ​ទូលបង្គំ​វិញ គឺ​មហេសី​ដែល​ទូលបង្គំ​យក​ស្បែក​អង្គ‌ជាតិ​របស់​ពួក​ភីលីស្ទីន ចំនួន​មួយ​រយ​ជូន​ជា​បណ្តាការ»។

15. ព្រះ‌បាទ​អ៊ីស‌បូសែត​បញ្ជា​គេ​ឲ្យ​ទៅ​នាំ​ព្រះ‌នាង​មិកាល់​ពី​ផ្ទះ​ប្ដី​របស់​ព្រះ‌នាង​មក គឺ​លោក​ប៉ាស‌ធាល ជា​កូន​របស់​លោក​ឡា‌អ៊ីស។

16. លោក​ប៉ាស‌ធាល​ដើរ​ពី​ក្រោយ​នាង ទាំង​យំ​ផង រហូត​មក​ដល់​បាហ៊ូ‌រីម។ ពេល​នោះ លោក​អប៊ី‌នើរ​ប្រាប់​គាត់​ថា «ចូរ​វិល​ទៅ​វិញ​ទៅ!» គាត់​ក៏​វិល​ទៅ​ផ្ទះ​វិញ។

17. លោក​អប៊ី‌នើរ​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ពោល​ថា៖ «អស់​លោក​ចង់​បាន​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច តាំង​ពី​យូរ​ណាស់​មក​ហើយ។

18. ឥឡូវ​នេះ សូម​យាង​ស្ដេច​មក​គ្រង​រាជ្យ​ចុះ! ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌បាទ​ដាវីឌ​ថា “យើង​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ តាម​រយៈ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង”»។

២ សាំយូ‌អែល 3