២ សាំយូ‌អែល 24:5-12 Khmer Standard Version (KHSV)

5. ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​បោះ​ជំរំ​នៅ​ខាង​ត្បូង​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ​កាដ រួច​ទៅ​ក្រុង​យ៉ា‌ស៊ើរ។

6. បន្ទាប់​មក ពួក​គេ​ទៅ​ដល់​ស្រុក​កាឡាដ និង​ស្រុក​ថាសធីម-‌ហុដស៊ី រួច​ទៅ​ស្រុក​ដាន់‌យ៉ាអន និង​តំបន់​ស៊ីដូន។

7. ពួក​គេ​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​ក្រុង​នានា​របស់​ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​កាណាន រួច​តម្រង់​ទៅ​ក្រុង​បៀរ‌សេបា ដែល​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​យូដា។

8. ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ទាំង​មូល​អស់​រយៈ​ពេល​ប្រាំ​បួន​ខែ​ម្ភៃ​ថ្ងៃ​មក ពួក​គេ​ក៏​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

9. លោក​យ៉ូអាប់​ចូល​ទៅ​ទូល​ស្ដេច​អំពី​ចំនួន​ប្រជា‌ជន គឺ​នៅ​ស្រុក​អ៊ីស្រា‌អែល មាន​ពល​ទាហាន​ដែល​អាច​ប្រដាប់​អាវុធ​ធ្វើ​សឹក​បាន ៨០០ ០០០ នាក់ និង​នៅ​ស្រុក​យូដា​មាន​ចំនួន ៥០០ ០០០ នាក់។

10. ព្រះ‌បាទ​ដាវីឌ​ដឹង​ខ្លួន​ប្រព្រឹត្ត​ខុស​ដោយ​បាន​ជំរឿន​ប្រជា‌ជន​ដូច្នេះ ស្ដេច​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ព្រះ‌អង្គ​អត់‌ទោស​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។

11. នៅ​ថ្ងៃ​បន្ទាប់ ពេល​ព្រះ‌បាទ​ដាវីឌ​តើន​ឡើង ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្យាការី​កាដ ជា​គ្រូ​ទាយ​របស់​ព្រះ‌បាទ​ដាវីឌ ដូច​ត​ទៅ៖

12. «ចូរ​ទៅ​ប្រាប់​ស្ដេច​ដាវីឌ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​មាន​ទណ្ឌ‌កម្ម​បី​យ៉ាង​សម្រាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ!”»។

២ សាំយូ‌អែល 24