10. លោកអម៉ាសាពុំបានចាប់អារម្មណ៍នឹងដាវ ដែលស្ថិតក្នុងដៃឆ្វេងរបស់លោកយ៉ូអាប់ទេ។ លោកយ៉ូអាប់ក៏ចាក់មួយដាវ ចំត្រង់ពោះ ហើយធ្លាយពោះវៀនចេញមកដល់ដី។ លោកស្លាប់ដោយមិនបាច់ឲ្យលោកយ៉ូអាប់ថែមមួយដាវទៀតឡើយ។ បន្ទាប់មក លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន នាំគ្នាបន្តដំណើរទៅមុខ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។
11. មានទាហានម្នាក់របស់លោកយ៉ូអាប់ ដែលឈរនៅជិតសពរបស់លោកអម៉ាសា ពោលឡើងថា៖ «អ្នកណានៅខាងលោកយ៉ូអាប់ និងនៅខាងព្រះបាទដាវីឌ ចូរទៅតាមលោកយ៉ូអាប់ចុះ!»។
12. លោកអម៉ាសាដេកក្នុងថ្លុកឈាម នៅកណ្ដាលផ្លូវ។ ទាហាននោះសង្កេតឃើញថា ទាហានទាំងអស់នាំគ្នាឈប់ស្ងៀម។ ដូច្នេះ គេក៏ទាញសពចេញពីផ្លូវ ដាក់ក្នុងស្រែមួយក្បែរនោះ ហើយបោះអាវធំមួយគ្របពីលើ។
13. នៅពេលទាហាននោះទាញសពចេញពីផ្លូវហើយ ទាហានទាំងអស់នាំគ្នាបន្តដំណើរតាមពីក្រោយលោកយ៉ូអាប់ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។
14. លោកយ៉ូអាប់ដើរកាត់ទឹកដីរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ឆ្ពោះទៅក្រុងអេបិល-បេតម៉ាកា។ រីឯជនជាតិបេរីទាំងប៉ុន្មានក៏ប្រមូលគ្នាទៅតាមលោកដែរ។
15. លោកយ៉ូអាប់ ព្រមទាំងពលទាហានឡោមព័ទ្ធលោកសេបា ដែលស្នាក់នៅទីក្រុងនេះ។ ពួកទាហាននាំគ្នាលើកដីឲ្យខ្ពស់ ស្មើនឹងកំពែងក្រុង។ ពួកគេជីករំលើងកំពែងក្រុងឲ្យរលំ។
16. គ្រានោះ មានស្ត្រីឈ្លាសវៃម្នាក់ស្រែកពីក្នុងក្រុងមកថា៖ «សូមមេត្តាស្ដាប់សិន! សូមអញ្ជើញលោកយ៉ូអាប់មកទីនេះ នាងខ្ញុំមានការចង់ជម្រាបលោក»។
17. លោកយ៉ូអាប់ចូលទៅជិត ស្ត្រីនោះសួរលោកថា៖ «តើលោកជាលោកយ៉ូអាប់ឬ?» លោកយ៉ូអាប់តបថា៖ «គឺខ្ញុំនេះហើយ»។ ស្ត្រីនោះពោលថា៖ «សូមលោកម្ចាស់មេត្តាស្ដាប់នាងខ្ញុំសិន»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «និយាយមកចុះ!»។