22. លោកអប៊ីនើរពោលមកកាន់លោកអេសាអែលទៀតថា៖ «ចូរឈប់ដេញតាមខ្ញុំទៅ! ហេតុអ្វីបានជាបង្ខំខ្ញុំឲ្យសម្លាប់អ្នក? ធ្វើដូច្នេះ នៅពេលក្រោយ តើឲ្យខ្ញុំមើលមុខលោកយ៉ូអាប់ ជាបងរបស់អ្នកដូចម្ដេចបាន?»។
23. ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញទេ។ ពេលនោះ លោកអប៊ីនើរក៏ចាក់លោកអេសាអែលមួយលំពែង ត្រូវត្រង់ពោះធ្លុះដល់ខ្នង។ លោកអេសាអែលដួលស្លាប់នៅនឹងកន្លែង។ អស់អ្នកដែលរត់មកដល់កន្លែងលោកអេសាអែលដួលស្លាប់នោះ ក៏នាំគ្នាឈប់។
24. ប៉ុន្តែ លោកយ៉ូអាប់ និងលោកអប៊ីសាយនៅតែដេញតាមលោកអប៊ីនើរ ហើយទៅដល់ជម្រាលភ្នំអាំម៉ា ដែលស្ថិតនៅទល់មុខនឹងគីយ៉ា តាមផ្លូវទៅវាលរហោស្ថានគីបៀន នៅពេលថ្ងៃលិច។
25. ពលទាហានបេនយ៉ាមីនប្រមូលគ្នាមកនៅពីក្រោយលោកអប៊ីនើរ។ គេផ្ដុំគ្នាជាក្រុម ហើយឈប់នៅលើកំពូលភ្នំ។
26. លោកអប៊ីនើរស្រែកសួរលោកយ៉ូអាប់ថា៖ «តើយើងនៅតែច្បាំងគ្នារហូតឬ? តើអ្នកមិនយល់ថា ការនេះត្រូវបញ្ចប់ដោយជូរចត់ទេឬ? តើនៅរង់ចាំដល់ពេលណា ទើបបញ្ជាទាហានឲ្យឈប់ដេញតាមបងប្អូនរបស់ខ្លួនទៀត?»។