21. លោកអប៊ីនើរមានប្រសាសន៍ថា៖ «ចូរដេញតាមក្មេងណាម្នាក់នៅខាងឆ្វេង ឬខាងស្ដាំ ហើយចាប់ដោះយកគ្រឿងអាវុធរបស់គេទៅ»។ ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញតាមលោកអប៊ីនើរទេ។
22. លោកអប៊ីនើរពោលមកកាន់លោកអេសាអែលទៀតថា៖ «ចូរឈប់ដេញតាមខ្ញុំទៅ! ហេតុអ្វីបានជាបង្ខំខ្ញុំឲ្យសម្លាប់អ្នក? ធ្វើដូច្នេះ នៅពេលក្រោយ តើឲ្យខ្ញុំមើលមុខលោកយ៉ូអាប់ ជាបងរបស់អ្នកដូចម្ដេចបាន?»។
23. ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញទេ។ ពេលនោះ លោកអប៊ីនើរក៏ចាក់លោកអេសាអែលមួយលំពែង ត្រូវត្រង់ពោះធ្លុះដល់ខ្នង។ លោកអេសាអែលដួលស្លាប់នៅនឹងកន្លែង។ អស់អ្នកដែលរត់មកដល់កន្លែងលោកអេសាអែលដួលស្លាប់នោះ ក៏នាំគ្នាឈប់។
24. ប៉ុន្តែ លោកយ៉ូអាប់ និងលោកអប៊ីសាយនៅតែដេញតាមលោកអប៊ីនើរ ហើយទៅដល់ជម្រាលភ្នំអាំម៉ា ដែលស្ថិតនៅទល់មុខនឹងគីយ៉ា តាមផ្លូវទៅវាលរហោស្ថានគីបៀន នៅពេលថ្ងៃលិច។