1. ក្រោយព្រឹត្តិការណ៍ទាំងនោះ លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំគួរទៅក្រុងណាមួយក្នុងស្រុកយូដាឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ!»។ លោកដាវីឌទូលសួរថា៖ «ទូលបង្គំត្រូវទៅក្រុងណាដែរ?»។ ព្រះអម្ចាស់ឆ្លើយថា៖ «ក្រុងហេប្រូន»។
2. លោកដាវីឌក៏ធ្វើដំណើរទៅក្រុងហេប្រូន ដោយនាំភរិយាទាំងពីរទៅជាមួយផង គឺនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាភរិយារបស់សពលោកណាបាលនៅភូមិកើមែល។
3. លោកដាវីឌបាននាំអស់អ្នកដែលនៅជាមួយលោក និងគ្រួសាររបស់អ្នកទាំងនោះទៅជាមួយដែរ រួចតាំងទីលំនៅក្នុងភូមិនានា ជុំវិញក្រុងហេប្រូន។
4. ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយចាក់ប្រេងអភិសេកលោកដាវីឌ ជាស្ដេចរបស់ជនជាតិយូដា។ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពព្រះបាទសូល។