34. លោកបាស៊ីឡៃទូលស្ដេចថា៖ «បពិត្រព្រះករុណា! តើឲ្យទូលបង្គំឡើងទៅក្រុងយេរូសាឡឹមជាមួយព្រះករុណាធ្វើអ្វី ទូលបង្គំរស់មិនបានប៉ុន្មានឆ្នាំទៀតទេ!
35. ពេលនេះ ទូលបង្គំមានអាយុប៉ែតសិបឆ្នាំហើយ ទូលបង្គំលែងដឹងរសជាតិឆ្ងាញ់ ឬមិនឆ្ងាញ់ ទូលបង្គំលែងដឹងរសជាតិអាហារ និងស្រាដែលទូលបង្គំទទួលទាន ហើយទូលបង្គំក៏ស្ដាប់សំឡេងអ្នកចម្រៀងប្រុសស្រីលែងឮដែរ។ ដូច្នេះ មិនបាច់ឲ្យទូលបង្គំទៅនាំតែអំពល់ទុក្ខព្រះករុណាឡើយ។
36. ទូលបង្គំមកនេះ គឺគ្រាន់តែជូនដំណើរព្រះករុណាឆ្លងទន្លេយ័រដាន់ប៉ុណ្ណោះ។ ម្យ៉ាងទៀត ទូលបង្គំមិនសមនឹងទទួលរង្វាន់នេះពីព្រះករុណាទេ!
37. សូមព្រះករុណាមេត្តាអនុញ្ញាតឲ្យទូលបង្គំត្រឡប់ទៅកាន់ទីក្រុងរបស់ទូលបង្គំវិញចុះ។ ទូលបង្គំនឹងស្លាប់នៅទីនោះ ក្បែរផ្នូរឪពុកម្ដាយទូលបង្គំ។ ប៉ុន្តែ ទូលបង្គំសូមផ្ញើគីមហាំ ជាកូនប្រុសរបស់ទូលបង្គំ ឲ្យតាមដង្ហែព្រះករុណា សូមមេត្តាប្រោសដល់វា តាមព្រះហឫទ័យរបស់ព្រះករុណាផង»។
38. ស្ដេចមានរាជឱង្ការថា៖ «ឲ្យគីមហាំទៅជាមួយខ្ញុំចុះ ខ្ញុំនឹងប្រព្រឹត្តចំពោះគាត់ តាមបំណងរបស់លោក។ អ្វីៗដែលលោកចង់បាន ខ្ញុំនឹងបំពេញជូនទាំងអស់»។
39. ពេលប្រជាជនទាំងមូលឆ្លងទន្លេយ័រដាន់ហើយ ស្ដេចក៏ឆ្លងទៅដែរ។ ព្រះបាទដាវីឌឱបលោកបាស៊ីឡៃ ព្រមទាំងប្រទានពរដល់លោកផង។ បន្ទាប់មក លោកវិលត្រឡប់ទៅផ្ទះរបស់លោកវិញ។
40. ព្រះបាទដាវីឌបានបន្តដំណើរទៅដល់គីលកាល់ ដោយមានលោកគីមហាំដង្ហែទៅជាមួយផង។ ជនជាតិយូដាទាំងអស់ ព្រមទាំងជនជាតិអ៊ីស្រាអែលចំនួនពាក់កណ្ដាល នាំគ្នាដង្ហែស្ដេចឆ្លងទន្លេយ័រដាន់។