២ សាំយូ‌អែល 19:30-36 Khmer Standard Version (KHSV)

30. លោក​មេភី‌បូសែត​ទូល​ថា៖ «ឲ្យ​គេ​យក​ទាំង​អស់​ចុះ! ព្រះ‌ករុណា​ជា​អម្ចាស់​វិល​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត​ដូច្នេះ ទូលបង្គំ​ស្កប់​ចិត្ត​ហើយ!»។

31. លោក​បាស៊ី‌ឡៃ​ជា​អ្នក​ស្រុក​កាឡាដ បាន​ធ្វើ​ដំណើរ​ពី​ភូមិ​រ៉ូគី‌លីម​មក​ទន្លេ​យ័រដាន់​ដែរ ដើម្បី​ជូន​ដំណើរ​ស្ដេច​ឆ្លង​ទៅ​ត្រើយ​ម្ខាង។

32. លោក​មាន​វ័យ​ចាស់​ជរា​ហើយ គឺ​អាយុ​ប៉ែត‌សិប​ឆ្នាំ។ ពេល​ស្ដេច​គង់​នៅ​ក្រុង​ម៉ាហា‌ណែម លោក​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​ត្រូវ​ការ ដ្បិត​លោក​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ។

33. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​លោក​ត្រូវ​ការ»។

34. លោក​បាស៊ី‌ឡៃ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា! តើ​ឲ្យ​ទូលបង្គំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ព្រះ‌ករុណា​ធ្វើ​អ្វី ទូលបង្គំ​រស់​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ!

35. ពេល​នេះ ទូលបង្គំ​មាន​អាយុ​ប៉ែត‌សិប​ឆ្នាំ​ហើយ ទូលបង្គំ​លែង​ដឹង​រស‌ជាតិ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់ ទូលបង្គំ​លែង​ដឹង​រស‌ជាតិ​អាហារ និង​ស្រា​ដែល​ទូលបង្គំ​ទទួល​ទាន ហើយ​ទូលបង្គំ​ក៏​ស្ដាប់​សំឡេង​អ្នក​ចម្រៀង​ប្រុស​ស្រី​លែង​ឮ​ដែរ។ ដូច្នេះ មិន​បាច់​ឲ្យ​ទូលបង្គំ​ទៅ​នាំ​តែ​អំពល់​ទុក្ខ​ព្រះ‌ករុណា​ឡើយ។

36. ទូលបង្គំ​មក​នេះ គឺ​គ្រាន់​តែ​ជូន​ដំណើរ​ព្រះ‌ករុណា​ឆ្លង​ទន្លេ​យ័រដាន់​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ទូលបង្គំ​មិន​សម​នឹង​ទទួល​រង្វាន់​នេះ​ពី​ព្រះ‌ករុណា​ទេ!

២ សាំយូ‌អែល 19