19. គាត់ទូលថា៖ «បពិត្រព្រះករុណា! សូមកុំប្រកាន់ទោសទូលបង្គំ! សូមមេត្តាបំភ្លេចកំហុស ដែលទូលបង្គំបានប្រព្រឹត្តចំពោះព្រះករុណា នៅថ្ងៃស្ដេចយាងចេញពីក្រុងយេរូសាឡឹម សូមកុំចងគំនុំនឹងទូលបង្គំឡើយ។
20. ទូលបង្គំសូមសារភាពថា ទូលបង្គំបានប្រព្រឹត្តអំពើបាបមែន ប៉ុន្តែ ថ្ងៃនេះ សូមព្រះករុណាទតមើលចុះ ក្នុងចំណោមពូជពង្សលោកយ៉ូសែបទាំងមូល ទូលបង្គំចុះមកទទួលព្រះករុណាមុនគេ»។
21. លោកអប៊ីសាយ ជាកូនអ្នកស្រីសេរូយ៉ា ទូលស្ដេចថា៖ «ស៊ីម៉ាយត្រូវតែស្លាប់ ព្រោះគាត់បានដាក់បណ្ដាសា ស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក!»។
22. ប៉ុន្តែ ព្រះបាទដាវីឌមានរាជឱង្ការទៅលោកអប៊ីសាយ និងលោកយ៉ូអាប់ ជាបងថា៖ «កូនអ្នកស្រីសេរូយ៉ាអើយ កុំលូកដៃក្នុងរឿងនេះឲ្យសោះ! ហេតុអ្វីបានជាលោកទាំងពីរជំទាស់នឹងខ្ញុំនៅពេលនេះដូច្នេះ? មិនត្រូវសម្លាប់ជនជាតិអ៊ីស្រាអែលណាម្នាក់ក្នុងថ្ងៃនេះឡើយ ដ្បិតខ្ញុំដឹងច្បាស់ថា ខ្ញុំពិតជាស្ដេចលើប្រជាជនអ៊ីស្រាអែលវិញហើយ!»។
23. បន្ទាប់មក ស្ដេចមានរាជឱង្ការស្បថនឹងលោកស៊ីម៉ាយថា៖ «អ្នកមិនត្រូវស្លាប់ទេ!»។