13. បន្ទាប់មក សូមលោកទាំងពីរទៅប្រាប់លោកអម៉ាសាផងថា “លោកជាសាច់ញាតិរបស់យើង ដូច្នេះ យើងសូមសន្យាថា បើយើងមិនតែងតាំងលោកឲ្យធ្វើជាមេទ័ព ជំនួសលោកយ៉ូអាប់រហូតទេនោះ សូមព្រះជាម្ចាស់ដាក់ទោសយើងចុះ”»។
14. ព្រះបាទដាវីឌធ្វើឲ្យអ្នកស្រុកយូដាទាំងមូលទន់ចិត្ត ហើយពួកគេព្រមព្រៀងគ្នាចាត់មនុស្សឲ្យទៅទូលស្ដេចថា៖ «សូមព្រះករុណាយាងមកវិញ ជាមួយកងទ័ពទាំងមូលរបស់ព្រះករុណាចុះ»។
15. ដូច្នេះ ស្ដេចយាងត្រឡប់មកវិញ។ ពេលស្ដេចយាងមកដល់មាត់ទន្លេយ័រដាន់ អ្នកស្រុកយូដាទាំងមូលនាំគ្នាទទួលស្ដេចនៅគីលកាល់ ដើម្បីជួយចម្លងស្ដេចឆ្លងទន្លេយ័រដាន់។
16. លោកស៊ីម៉ាយជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន នៅបាហ៊ូរីម ក៏ប្រញាប់ប្រញាល់ចុះមកជាមួយពួកយូដាដែរ ដើម្បីថ្វាយបង្គំព្រះបាទដាវីឌ។
17. លោកនាំពួកបេនយ៉ាមីនចំនួនមួយពាន់នាក់ ព្រមទាំងស៊ីបា ជាអ្នកបម្រើនៃញាតិវង្សរបស់ព្រះបាទសូល កូនប្រុសទាំងដប់ប្រាំនាក់ និងអ្នកបម្រើរបស់គាត់ចំនួនម្ភៃនាក់ មកជាមួយផង។ ពួកគេប្រញាប់ប្រញាល់ឆ្លងទន្លេយ័រដាន់ទៅទទួលស្ដេច
18. ដើម្បីជួយចម្លងព្រះរាជវង្សឆ្លងកាត់ទន្លេ ហើយចាំទទួលបញ្ជាពីស្ដេច។ ពេលស្ដេចឆ្លងមកដល់ត្រើយម្ខាង ហើយលោកស៊ីម៉ាយក្រាបថ្វាយបង្គំ អោនមុខដល់ដី។
19. គាត់ទូលថា៖ «បពិត្រព្រះករុណា! សូមកុំប្រកាន់ទោសទូលបង្គំ! សូមមេត្តាបំភ្លេចកំហុស ដែលទូលបង្គំបានប្រព្រឹត្តចំពោះព្រះករុណា នៅថ្ងៃស្ដេចយាងចេញពីក្រុងយេរូសាឡឹម សូមកុំចងគំនុំនឹងទូលបង្គំឡើយ។
20. ទូលបង្គំសូមសារភាពថា ទូលបង្គំបានប្រព្រឹត្តអំពើបាបមែន ប៉ុន្តែ ថ្ងៃនេះ សូមព្រះករុណាទតមើលចុះ ក្នុងចំណោមពូជពង្សលោកយ៉ូសែបទាំងមូល ទូលបង្គំចុះមកទទួលព្រះករុណាមុនគេ»។