២ សាំយូ‌អែល 18:5-12 Khmer Standard Version (KHSV)

5. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា៖ «បើ​អស់​លោក​ស្រឡាញ់​យើង ចូរ​កុំ​ធ្វើ​បាប​អាប់‌សា‌ឡុម ជា​បុត្រ​របស់​យើង​ឡើយ!»។ ពល​ទ័ព​ទាំង​មូល​បាន​ឮ​រាជ‌ឱង្ការ ដែល​ព្រះ‌បាទ​ដាវីឌ​ផ្ដែ‌ផ្ដាំ​មេ‌ទ័ព​ទាំង​អស់ ស្ដី​អំពី​ស្ដេច​អាប់‌សា‌ឡុម។

6. ពល​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ចេញ​ទៅ​ច្បាំង​នឹង​កង‌ទ័ព​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ផ្ទុះ​ឡើង​រវាង​កង‌ទ័ព​ទាំង​ពីរ​នៅ​ក្នុង​ព្រៃ​អេប្រាអ៊ីម

7. កង‌ទ័ព​អ៊ីស្រា‌អែល​ចាញ់​កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ នៅ​ថ្ងៃ​នោះ គេ​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​មាន​ទាហាន​ស្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​នាក់។

8. ការ​ប្រយុទ្ធ​បាន​រាល‌ដាល​ពេញ​ស្រុក​ទាំង​មូល ហើយ​អ្នក​ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​ព្រៃ មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ទៅ​ទៀត។

9. ពេល​កំពុង​ជិះ​លា ស្ដេច​អាប់‌សា‌ឡុម​បាន​ជួប​ប្រទះ​នឹង​កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ។ លា​ដើរ​កាត់​ក្រោម​ដើម​ឈើ​ធំ​មួយ ដែល​មាន​មែក​សាខា ស្រាប់​តែ​ព្រះ‌កេសា​របស់​ស្ដេច​អាប់‌សា‌ឡុម​ទាក់​ជាប់​នឹង​មែក​ឈើ លា​ដើរ​ទៅ​មុខ​ទៀត ទុក​ឲ្យ​ស្ដេច​អាប់‌សា‌ឡុម​នៅ​ព្យួរ​ផុត​ជើង​ពី​ដី។

10. ពល​ទាហាន​ម្នាក់​ឃើញ​ដូច្នេះ ក៏​នាំ​ដំណឹង​ទៅ​ជម្រាប​លោក​យ៉ូអាប់​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​ស្ដេច​អាប់‌សា‌ឡុម​នៅ​ព្យួរ​ជាប់​នឹង​មែក​ឈើ»។

11. លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «ឯង​បាន​ឃើញ​អាប់‌សា‌ឡុម​ឬ! ហេតុ​អ្វី​បាន​ជា​ឯង​មិន​ប្រហារ​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ទៅ? នោះ​ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ដប់​ស្លឹង និង​ខ្សែ​ក្រវាត់​មួយ​ជា​រង្វាន់​ដល់​ឯង»។

12. ទាហាន​នោះ​តប​ទៅ​លោក​យ៉ូអាប់​ថា៖ «ទោះ​បី​លោក​ឲ្យ​ប្រាក់​ខ្ញុំ​ប្របាទ​មួយ​ពាន់​ស្លឹង​ក្ដី ក៏​ខ្ញុំ​ប្របាទ​មិន​ធ្វើ​ឃាត​បុត្រ​របស់​ស្ដេច​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ឮ​ស្ដេច​មាន​រាជ‌ឱង្ការ​ផ្ដែ‌ផ្ដាំ​លោក ព្រម​ទាំង​លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា “សូម​ប្រណី​ដល់​អាប់‌សា‌ឡុម​ផង!”។

២ សាំយូ‌អែល 18