5. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអ៊ីតតាយថា៖ «បើអស់លោកស្រឡាញ់យើង ចូរកុំធ្វើបាបអាប់សាឡុម ជាបុត្ររបស់យើងឡើយ!»។ ពលទ័ពទាំងមូលបានឮរាជឱង្ការ ដែលព្រះបាទដាវីឌផ្ដែផ្ដាំមេទ័ពទាំងអស់ ស្ដីអំពីស្ដេចអាប់សាឡុម។
6. ពលទ័ពរបស់ព្រះបាទដាវីឌចេញទៅច្បាំងនឹងកងទ័ពអ៊ីស្រាអែល ហើយការប្រយុទ្ធផ្ទុះឡើងរវាងកងទ័ពទាំងពីរនៅក្នុងព្រៃអេប្រាអ៊ីម
7. កងទ័ពអ៊ីស្រាអែលចាញ់កងទ័ពរបស់ព្រះបាទដាវីឌ នៅថ្ងៃនោះ គេត្រូវបរាជ័យយ៉ាងធ្ងន់ គឺមានទាហានស្លាប់អស់ចំនួនពីរម៉ឺននាក់។
8. ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយអ្នកដែលបាត់បង់ជីវិតនៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវទៅទៀត។
9. ពេលកំពុងជិះលា ស្ដេចអាប់សាឡុមបានជួបប្រទះនឹងកងទ័ពរបស់ព្រះបាទដាវីឌ។ លាដើរកាត់ក្រោមដើមឈើធំមួយ ដែលមានមែកសាខា ស្រាប់តែព្រះកេសារបស់ស្ដេចអាប់សាឡុមទាក់ជាប់នឹងមែកឈើ លាដើរទៅមុខទៀត ទុកឲ្យស្ដេចអាប់សាឡុមនៅព្យួរផុតជើងពីដី។
10. ពលទាហានម្នាក់ឃើញដូច្នេះ ក៏នាំដំណឹងទៅជម្រាបលោកយ៉ូអាប់ថា៖ «ខ្ញុំប្របាទឃើញស្ដេចអាប់សាឡុមនៅព្យួរជាប់នឹងមែកឈើ»។