31. រំពេចនោះ ជនជាតិអេត្យូពីមកដល់ ទូលស្ដេចថា៖ «បពិត្រព្រះករុណា! ទូលបង្គំនាំដំណឹងល្អមកថ្វាយព្រះករុណា។ ថ្ងៃនេះ ព្រះអម្ចាស់បានរកយុត្តិធម៌ថ្វាយព្រះករុណាហើយ ព្រះអង្គបានរំដោះព្រះករុណា ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ពួកបះបោរទាំងប៉ុន្មាន»។
32. ស្ដេចមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយឬទេ?»។ ជនជាតិអេត្យូពី ទូលថា៖ «បពិត្រព្រះករុណា! សូមឲ្យខ្មាំងសត្រូវ និងពួកបះបោរប្រឆាំងនឹងព្រះករុណា ត្រូវវិនាសដូចយុវជននោះចុះ!»។
33. ពេលនោះ ព្រះបាទដាវីឌក្ដុកក្ដួលក្នុងព្រះហឫទ័យយ៉ាងខ្លាំង ស្ដេចយាងឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយទ្រង់ព្រះកន្សែង។ ស្ដេចយាងឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ! គួរតែឲ្យបិតាស្លាប់ជំនួសបុត្រវិញ! អាប់សាឡុម បុត្របិតា ឱបុត្របិតាអើយ!»។