18. ប៉ុន្តែ មានយុវជនម្នាក់បានឃើញលោកទាំងពីរ ក៏នាំដំណឹងទៅទូលស្ដេចអាប់សាឡុម។ លោកទាំងពីរប្រញាប់ប្រញាល់ចេញទៅ ហើយទៅដល់ផ្ទះអ្នកស្រុកម្នាក់ នៅភូមិបាហ៊ូរីម។ ក្នុងបរិវេណផ្ទះនោះមានអណ្ដូងមួយ ដែលលោកទាំងពីរចុះទៅពួន។
19. ស្ត្រីជាមេផ្ទះយកកន្ទេលមកក្រាលលើគម្របអណ្ដូង ហើយយកស្រូវមកចាក់រាយពីលើ ដើម្បីកុំឲ្យគេចាប់អារម្មណ៍។
20. ពួកអ្នកដែលស្ដេចអាប់សាឡុមចាត់ឲ្យដេញតាម បានមកដល់ផ្ទះស្ត្រីនោះ ហើយសួរថា៖ «តើលោកអហ៊ីម៉ាស់ និងលោកយ៉ូណាថាននៅឯណា?»។ គាត់ឆ្លើយថា៖ «ពួកលោកឆ្លងផុតទៅហើយ»។ ពួកគេរុករក តែពុំបានប្រទះឃើញលោកទាំងពីរទេ ដូច្នេះ ពួកគេត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
21. កាលអ្នកទាំងនោះចេញផុតទៅ លោកអហ៊ីម៉ាស់ និងលោកយ៉ូណាថានឡើងពីអណ្ដូង ហើយនាំគ្នាទៅទូលព្រះបាទដាវីឌអំពីយោបល់របស់លោកអហ៊ីថូផែល ហើយពោលថា៖ «សូមព្រះករុណាឆ្លងទន្លេយ័រដាន់នេះភ្លាមទៅ»។
22. ព្រះបាទដាវីឌ និងបណ្ដាជនទាំងអស់ដែលនៅជាមួយ នាំគ្នាឆ្លងទន្លេយ័រដាន់។ លុះព្រលឹមស្រាងៗ ពួកគេឆ្លងទន្លេយ័រដាន់ទាំងអស់គ្នាគ្មានសល់នរណាម្នាក់ឡើយ។
23. ចំណែកឯលោកអហ៊ីថូផែលវិញ ដោយឃើញថា គេមិនធ្វើតាមយោបល់របស់គាត់ គាត់ក៏ចងកែបលា ហើយឡើងជិះត្រឡប់ទៅស្រុកភូមិរបស់គាត់។ គាត់ផ្ដែផ្ដាំគ្រួសារ ហើយចងកសម្លាប់ខ្លួនទៅ។ គេបានបញ្ចុះសពគាត់ក្នុងផ្នូរឪពុករបស់គាត់។
24. ក្នុងពេលដែលស្ដេចអាប់សាឡុមកំពុងតែឆ្លងទន្លេយ័រដាន់ជាមួយកងទ័ពអ៊ីស្រាអែលទាំងមូល ព្រះបាទដាវីឌបានយាងដល់ក្រុងម៉ាហាណែម។
25. ស្ដេចអាប់សាឡុមបានតែងតាំងលោកអម៉ាសាជាមេបញ្ជាការកងទ័ព ជំនួសលោកយ៉ូអាប់។ លោកអម៉ាសាត្រូវជាកូនរបស់ជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះលោកយីតរ៉ា ដែលយកនាងអប៊ីកែលជាកូនស្រីរបស់លោកណាហាស និងជាប្អូនស្រីរបស់អ្នកស្រីសេរូយ៉ាដែលជាម្ដាយរបស់លោកយ៉ូអាប់។