11. សម្ដេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្ដេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។
12. កាលសម្ដេចអាប់សាឡុមកំពុងតែថ្វាយយញ្ញបូជា សម្ដេចបានចាត់គេឲ្យទៅតាមរកលោកអហ៊ីថូផែល ជាអ្នកស្រុកគីឡោ។ ដូច្នេះ ចំនួនមនុស្សដែលចូលរួមបះបោរជាមួយសម្ដេចអាប់សាឡុម បានកើនច្រើនឡើង ហើយមានកម្លាំងរឹតតែខ្លាំងឡើងដែរ។
13. ពេលនោះ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា៖ «ជនជាតិអ៊ីស្រាអែលនាំគ្នាចូលដៃជាមួយសម្ដេចអាប់សាឡុមហើយ!»។
14. ព្រះបាទដាវីឌក៏មានរាជឱង្ការទៅកាន់មន្ត្រីទាំងអស់នៅក្រុងយេរូសាឡឹមថា៖ «ចូរនាំគ្នារត់ចេញទៅ ដ្បិតយើងមិនអាចគេចផុតពីកណ្ដាប់ដៃរបស់អាប់សាឡុមបានទេ។ ចូរប្រញាប់ប្រញាល់រត់ភៀសខ្លួនចេញទៅ ក្រែងលោអាប់សាឡុមមកទាន់ ហើយប្រហារយើង និងអ្នកក្រុងនេះ ដោយមុខដាវ»។
15. ពួកមន្ត្រីទូលថា៖ «បពិត្រព្រះករុណា ទ្រង់សម្រេចយ៉ាងណា ទូលបង្គំទាំងអស់គ្នានឹងធ្វើតាម»។
16. ពេលនោះ ព្រះបាទដាវីឌចាកចេញពីទីក្រុងជាមួយរាជវង្សានុវង្ស ដោយថ្មើរជើង។ ស្ដេចបានទុកស្រីស្នំដប់នាក់តែប៉ុណ្ណោះ ឲ្យនៅចាំដំណាក់។