10. នៅទីនោះ សម្ដេចចាត់បក្សពួកយ៉ាងសម្ងាត់ឲ្យទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែល ប្រាប់ថា៖ «កាលណាអ្នករាល់គ្នាឮសំឡេងត្រែបន្លឺឡើង ត្រូវនាំគ្នាប្រកាសថា “សម្ដេចអាប់សាឡុមឡើងសោយរាជ្យនៅក្រុងហេប្រូន!”»។
11. សម្ដេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្ដេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។
12. កាលសម្ដេចអាប់សាឡុមកំពុងតែថ្វាយយញ្ញបូជា សម្ដេចបានចាត់គេឲ្យទៅតាមរកលោកអហ៊ីថូផែល ជាអ្នកស្រុកគីឡោ។ ដូច្នេះ ចំនួនមនុស្សដែលចូលរួមបះបោរជាមួយសម្ដេចអាប់សាឡុម បានកើនច្រើនឡើង ហើយមានកម្លាំងរឹតតែខ្លាំងឡើងដែរ។
13. ពេលនោះ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា៖ «ជនជាតិអ៊ីស្រាអែលនាំគ្នាចូលដៃជាមួយសម្ដេចអាប់សាឡុមហើយ!»។
14. ព្រះបាទដាវីឌក៏មានរាជឱង្ការទៅកាន់មន្ត្រីទាំងអស់នៅក្រុងយេរូសាឡឹមថា៖ «ចូរនាំគ្នារត់ចេញទៅ ដ្បិតយើងមិនអាចគេចផុតពីកណ្ដាប់ដៃរបស់អាប់សាឡុមបានទេ។ ចូរប្រញាប់ប្រញាល់រត់ភៀសខ្លួនចេញទៅ ក្រែងលោអាប់សាឡុមមកទាន់ ហើយប្រហារយើង និងអ្នកក្រុងនេះ ដោយមុខដាវ»។