2. ព្រះបាទសាឡូម៉ូនឆ្លើយនឹងសំណួរទាំងប៉ុន្មានរបស់ព្រះនាង គ្មានសំណួរណាមួយដែលស្ដេចឆ្លើយពុំរួចនោះឡើយ។
3. ព្រះមហាក្សត្រិយានីស្រុកសេបាសង្កេតឃើញប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ឃើញវាំងដែលស្ដេចបានសង់
4. ឃើញព្រះស្ងោយរបស់ស្ដេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួករាជបម្រើ ពួកមហាតលិក និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយមានរាជសវនីយ៍ទៅកាន់ព្រះបាទសាឡូម៉ូនថា៖
5. «ពាក្យទាំងប៉ុន្មានដែលខ្ញុំម្ចាស់បានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំម្ចាស់ ស្ដីអំពីព្រះករុណា និងអំពីប្រាជ្ញារបស់ព្រះករុណា ពិតជាត្រឹមត្រូវមែន!
6. មុនពេលខ្ញុំម្ចាស់មកដល់ និងមុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែក ខ្ញុំម្ចាស់មិនបានជឿពាក្យដែលគេថ្លែងទេ ឥឡូវនេះ ខ្ញុំម្ចាស់យល់ឃើញថាអ្វីៗដែលគេរៀបរាប់ប្រាប់ខ្ញុំម្ចាស់ អំពីប្រាជ្ញាដ៏ឧត្ដុង្គឧត្ដមរបស់ព្រះករុណា ត្រឹមត្រូវតែពាក់កណ្ដាលប៉ុណ្ណោះ។ ព្រះករុណាមានប្រាជ្ញាឈ្លាសវៃ លើសពីសេចក្ដីដែលខ្ញុំម្ចាស់បានឮទៅទៀត។