11. កាលព្រះបាទសេដេគាឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃមួយព្រះវស្សា ស្ដេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។
12. ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេចទេ ហើយពេលព្យាការីយេរេមាថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ ក៏ស្ដេចពុំព្រមសារភាពកំហុសដែរ។
13. ព្រះចៅនេប៊ូក្នេសាបានឲ្យស្ដេចស្បថក្នុងនាមព្រះជាម្ចាស់ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ស្ដេចនៅតែបះបោរប្រឆាំងនឹងព្រះចៅនេប៊ូក្នេសាដែរ។ ស្ដេចតាំងចិត្តមានះ មិនព្រមវិលត្រឡប់មករកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ។