២ របាក្សត្រ 34:20-26 Khmer Standard Version (KHSV)

20. បន្ទាប់​មក ស្ដេច​បញ្ជា​ទៅ​លោក​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម​ជា​កូន​របស់​លោក​សា‌ផាន លោក​អាប់‌ដូន​ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សា‌ផាន​ជា​ស្មៀន​ហ្លួង និង​លោក​អសា‌យ៉ា​ជា​រាជ​បម្រើ​ថា៖

21. «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​យូដា ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​ខ្លាំង​ណាស់ ដ្បិត​ពួក​ដូនតា​របស់​យើង​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដើម្បី​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។

22. លោក​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា និង​អស់​លោក​ដែល​ព្រះ‌រាជា​ចាត់​ឲ្យ​ទៅ បាន​នាំ​គ្នា​ទៅ​ជួប​ព្យាកា‌រិនី​ហ៊ូល‌ដា​ជា​ភរិយា​របស់​លោក​សា‌លូម ជា​កូន​របស់​លោក​កូន​ធីក‌វ៉ា ជា​ចៅ​របស់​លោក​ហារ‌ហាស និង​ជា​អ្នក​ថែ‌រក្សា​សម្លៀក‌បំពាក់​បូជា‌ចារ្យ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ លោក​ទាំង​នោះ​ជម្រាប​ព្យាកា‌រិនី​តាម​ដំណើរ​រឿង។

23. ព្យាកា‌រិនី​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​គេ​ចាត់​ឲ្យ​មក​រក​យើង​ថា

24. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ ព្រម​ទាំង​ប្រជា‌ជន ស្រប​តាម​បណ្ដាសា​ទាំង​ប៉ុន្មាន ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដែល​គេ​បាន​អាន​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​យូដា។

25. ដោយ​ពួក​គេ​បាន​បោះ​បង់​ចោល​យើង ហើយ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌ដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់‌អោន​បាន​ឡើយ!

26. ប៉ុន្តែ ចូរ​ទៅ​ប្រាប់​ស្ដេច​ស្រុក​យូដា ដែល​ចាត់​អស់​លោក​ឲ្យ​មក​ទូល​សួរ​ព្រះ‌អម្ចាស់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ស្ដាប់​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ហើយ។

២ របាក្សត្រ 34