6. ស្ដេចចាត់តាំងមេទ័ពឲ្យធ្វើជាមេបញ្ជាការលើប្រជាជន ហើយស្ដេចត្រាស់ហៅពួកគេឲ្យប្រជុំគ្នា នៅព្រលានជិតទ្វារក្រុង រួចមានរាជឱង្ការលើកទឹកចិត្តពួកគេថា៖
7. «ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខស្ដេចស្រុកអាស្ស៊ីរី និងកងទ័ពដ៏ច្រើនកុះកររបស់គេឡើយ ដ្បិតនៅខាងយើងមានកម្លាំងជាងពួកគេ។
8. ខាងស្ដេចស្រុកអាស្ស៊ីរីមានតែកម្លាំងមនុស្សលោកប៉ុណ្ណោះ រីឯខាងយើងវិញ យើងមានព្រះអម្ចាស់ជាព្រះនៃយើង ព្រះអង្គនឹងជួយគាំទ្រយើងនៅពេលប្រយុទ្ធ»។ ប្រជាជនក៏នាំគ្នាទុកចិត្តលើរាជឱង្ការរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។
9. បន្ទាប់មក ព្រះចៅសានហេរីប ស្ដេចស្រុកអាស្ស៊ីរី ចាត់រាជបម្រើឲ្យមកក្រុងយេរូសាឡឹម ក្នុងពេលដែលស្ដេចគង់នៅក្បែរក្រុងឡាគីសជាមួយកងទ័ពទាំងអស់។ ស្ដេចបានចាត់ពួកគេឲ្យមកជួបព្រះបាទហេសេគា ជាស្ដេចស្រុកយូដា និងប្រជាជនយូដាទាំងអស់ ដែលស្ថិតនៅក្រុងយេរូសាឡឹម ដើម្បីប្រកាសដូចតទៅ៖
10. «ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី មានព្រះបន្ទូលថា “តើអ្នករាល់គ្នាមានអ្វីជាបង្អែកបានជាទ្រាំលំបាក នៅក្នុងក្រុងយេរូសាឡឹមបែបនេះ?”។
11. ស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្លាប់ ដោយអត់បាយ អត់ទឹក គឺស្ដេចប្រាប់ថា “ព្រះអម្ចាស់ជាព្រះនៃយើង នឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីមិនខាន”។
12. ស្ដេចហេសេគាហ្នឹងហើយ ដែលបានបំផ្លាញទីសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងកម្ទេចអាសនៈរបស់ព្រះអម្ចាស់ រួចបង្គាប់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម គោរពថ្វាយបង្គំអាសនៈតែមួយ ហើយដុតគ្រឿងក្រអូបតែលើអាសនៈមួយនោះ!
13. អ្នករាល់គ្នាដឹងទេ ឬថា តើយើង និងដូនតារបស់យើងប្រព្រឹត្តបែបណា ចំពោះជាតិសាសន៍ដទៃទៀតលើផែនដីនេះ? តើព្រះរបស់ប្រជាជាតិទាំងឡាយបានរំដោះស្រុករបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងឬទេ?