29. ស្ដេចបានសង់ក្រុងផ្សេងៗ ហើយស្ដេចមានហ្វូងសត្វជាច្រើន គឺហ្វូងគោ និងហ្វូងចៀម ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យស្ដេចមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភបំផុត។
30. ព្រះបាទហេសេគាក៏បានទប់ប្រភពទឹកគីហូនប៉ែកខាងលើ ហើយបំបែរផ្លូវទឹកចុះទៅខាងលិចក្នុងបុរីព្រះបាទដាវីឌ។ អ្វីៗទាំងប៉ុន្មានដែលព្រះបាទហេសេគាធ្វើ សុទ្ធតែបានសម្រេចទាំងអស់។
31. ប៉ុន្តែ នៅគ្រាដែលស្ដេចស្រុកបាប៊ីឡូនចាត់ទូតឲ្យមក ដើម្បីសួរដំណឹងអំពីឫទ្ធិបាដិហារិយ៍ ដែលកើតមាននៅក្នុងស្រុក ព្រះជាម្ចាស់បានបោះបង់ចោលព្រះបាទហេសេគា ដើម្បីល្បងលមើលថា តើស្ដេចមានព្រះហឫទ័យយ៉ាងណា។
32. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទហេសេគា និងភក្ដីភាពរបស់ស្ដេចចំពោះព្រះជាម្ចាស់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅនិមិត្តហេតុរបស់ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស ព្រមទាំងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា និងស្ដេចស្រុកអ៊ីស្រាអែល។
33. ពេលព្រះបាទហេសេគាសោយទិវង្គត គេបានបញ្ចុះសពស្ដេចត្រង់កន្លែងដែលខ្ពស់ជាងគេ ក្នុងទីបញ្ចុះរបស់ព្រះរាជវង្សព្រះបាទដាវីឌ។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាធ្វើពិធីបុណ្យគោរពស្ដេច នៅពេលដែលស្ដេចសោយទិវង្គត។ ព្រះបាទម៉ាណាសេជាបុត្រ បានឡើងស្នងរាជ្យ។