២ របាក្សត្រ 31:7-12 Khmer Standard Version (KHSV)

7. គេ​បាន​ចាប់​ផ្ដើម​ប្រមូល​តង្វាយ​មក​ដាក់​ជា​គំនរ ចាប់​ពី​ខែ​ទី​បី រហូត​ដល់​ខែ​ទី​ប្រាំ‌ពីរ។

8. ព្រះ‌បាទ​ហេ‌សេគា និង​ពួក​មន្ត្រី មក​មើល​គំនរ​តង្វាយ​ទាំង​នោះ ហើយ​នាំ​គ្នា​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

9. ព្រះ‌បាទ​ហេ‌សេគា​សាក​សួរ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ស្ដី​អំពី​គំនរ​តង្វាយ​ទាំង​នោះ។

10. លោក​មហា‌បូជា‌ចារ្យ​អសា‌រា​ពី​អំបូរ​សាដុក ទូល​ស្ដេច​ថា៖ «ចាប់​ពី​ពេល​ប្រជា‌ជន​នាំ​តង្វាយ ដែល​គេ​បាន​ញែក​ទុក មក​ដាក់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នោះ​យើង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ថែម​ទាំង​នៅ​សេស‌សល់​ជា​ច្រើន​ឥត​គណនា​ផង ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ អ្វីៗ​ដែល​គរ​នៅ​ទី​នេះ សុទ្ធ​តែ​ជា​របស់​ដែល​យើង​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ»។

11. ព្រះ‌បាទ​ហេ‌សេគា​បង្គាប់​ឲ្យ​គេ​រៀបចំ​បន្ទប់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពេល​រៀបចំ​រួច​ស្រេច​ហើយ

12. គេ​ក៏​នាំ​យក​តង្វាយ​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក និង​តង្វាយ​មួយ​ភាគ​ដប់ ព្រម​ទាំង​តង្វាយ​ដ៏​សក្ការៈ​ផ្សេង​ទៀត យក​មក​ទុក​ក្នុង​បន្ទប់​នោះ​ជា​ប្រក្រតី។ លោក​កូណា‌នា​ជា​ក្រុម​លេវី មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​តង្វាយ​ទាំង​នោះ ដោយ​មាន​លោក​ស៊ី‌ម៉ៃ ជា​ប្អូន​របស់​គាត់ ជា​អ្នក​ជំនួយ​ការ។

២ របាក្សត្រ 31