20. ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់ព្រះបាទហេសេគា ព្រះអង្គមិនធ្វើទោសប្រជាជនឡើយ។
21. ជនជាតិអ៊ីស្រាអែលដែលមានវត្តមាននៅក្រុងយេរូសាឡឹម នាំគ្នាប្រារព្ធពិធីបុណ្យនំបុ័ងឥតមេយ៉ាងសប្បាយលើសលប់ អស់រយៈពេលប្រាំពីរថ្ងៃ។ រៀងរាល់ថ្ងៃ ក្រុមលេវី និងក្រុមបូជាចារ្យ សរសើរតម្កើងព្រះអម្ចាស់ ដោយប្រគំតូរ្យតន្ត្រីយ៉ាងរំពងថ្វាយព្រះអង្គ។
22. ព្រះបាទហេសេគាមានរាជឱង្ការលើកទឹកចិត្តពួកលេវីទាំងអស់ ដែលសុទ្ធសឹងតែជាអ្នកជំពាក់ចិត្តទាំងស្រុងលើព្រះអម្ចាស់។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ប្រជាជនបរិភោគសាច់របស់សត្វ ដែលគេថ្វាយជាយញ្ញបូជាមេត្រីភាព* ហើយលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួន។
23. អង្គប្រជុំទាំងមូលបានព្រមព្រៀងគ្នាប្រារព្ធពិធីបុណ្យប្រាំពីរថ្ងៃបន្តទៀត។ ក្នុងរយៈពេលប្រាំពីរថ្ងៃនេះ ពួកគេនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ
24. ដ្បិតព្រះបាទហេសេគា ជាស្ដេចស្រុកយូដា ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមប្រាំពីរពាន់ក្បាលដល់ប្រជាជន ហើយពួកមន្ត្រីក៏ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមមួយម៉ឺនក្បាលដល់ប្រជាជនដែរ។ បូជាចារ្យមួយចំនួនធំបានធ្វើពិធីញែកខ្លួនឲ្យវិសុទ្ធ។
25. អង្គប្រជុំយូដាទាំងមូល រួមជាមួយក្រុមបូជាចារ្យ ក្រុមលេវី ប្រជាជនទាំងអស់មកពីស្រុកអ៊ីស្រាអែល និងជនបរទេសដែលមកពីស្រុកអ៊ីស្រាអែលក្ដី ឬរស់នៅក្នុងស្រុកយូដាក្ដី នាំគ្នាសប្បាយរីករាយក្រៃលែង។
26. នៅក្រុងយេរូសាឡឹមគេមានអំណរសប្បាយជាខ្លាំង គឺតាំងពីជំនាន់ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ស្ដេចស្រុកអ៊ីស្រាអែលតរៀងមក មិនដែលមានពិធីបុណ្យបែបនេះនៅក្រុងយេរូសាឡឹមទេ។