11. ប៉ុន្តែ មានមនុស្សមួយចំនួន ក្នុងកុលសម្ព័ន្ធអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនទទួលស្គាល់កំហុស ហើយនាំគ្នាមកក្រុងយេរូសាឡឹម។
12. នៅស្រុកយូដា ព្រះជាម្ចាស់ជំរុញប្រជាជនឲ្យមានចិត្តគំនិតតែមួយ ធ្វើតាមបញ្ជារបស់ស្ដេច និងពួកមន្ត្រីស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
13. ប្រជាជនជាច្រើនបានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេ* នៅខែទីពីរ។ ពេលនោះ អង្គប្រជុំមានចំនួនច្រើនកុះករ។
14. ពួកគេផ្ដើមពិធីបុណ្យ ដោយនាំគ្នារំលំអាសនៈទាំងឡាយនៅក្រុងយេរូសាឡឹម ព្រមទាំងរំលំអាសនៈដុតគ្រឿងក្រអូបទាំងប៉ុន្មាន រួចយកទៅបោះចោលនៅជ្រោះកេដ្រូន។
15. បន្ទាប់មក ពួកគេសម្លាប់សត្វ ដែលត្រូវថ្វាយជាយញ្ញបូជា សម្រាប់ពិធីបុណ្យចម្លង* នៅថ្ងៃទីដប់បួន ក្នុងខែទីពីរ។ ក្រុមបូជាចារ្យ និងក្រុមលេវី នឹកខ្មាសខ្លួន ក៏នាំគ្នាធ្វើពិធីញែកខ្លួនឲ្យបានវិសុទ្ធ រួចថ្វាយតង្វាយដុតទាំងមូល នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
16. ពួកគេបំពេញមុខងារតាមកន្លែងរៀងៗខ្លួន ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ ក្រុមបូជាចារ្យទទួលឈាមសត្វពីក្រុមលេវី យកទៅប្រោះលើអាសនៈ។
17. នៅក្នុងអង្គប្រជុំ ដោយមានមនុស្សជាច្រើនពុំទាន់ធ្វើពិធីញែកខ្លួនឲ្យបានវិសុទ្ធនៅឡើយ ក្រុមលេវីក៏សម្លាប់សត្វសម្រាប់ពិធីបុណ្យចម្លង ជំនួសអស់អ្នកដែលមិនបរិសុទ្ធ ដើម្បីញែកពួកគេថ្វាយព្រះអម្ចាស់