6. ស្ដេចឲ្យគេតុបតែងលំអបន្ទប់នេះដោយត្បូងពេជ្រដ៏មានតម្លៃ ហើយមាសដែលស្រោបនោះ សុទ្ធតែជាមាសមកពីស្រុកផាវែម។
7. ក្នុងព្រះដំណាក់នោះ ស្ដេចឲ្យគេស្រោបមាសទាំងធ្នឹម ទាំងក្របទ្វារ ទាំងជញ្ជាំង ទាំងសន្លឹកទ្វារ ហើយឲ្យគេឆ្លាក់រូបចេរូប៊ីននៅលើជញ្ជាំងទៀតផង។
8. ស្ដេចបានសង់បន្ទប់មួយ ហៅថា «ទីសក្ការៈបំផុត» មានបណ្ដោយម្ភៃហត្ថ ស្របនឹងរង្វាស់ទទឹងរបស់ព្រះដំណាក់ ហើយទទឹងរបស់បន្ទប់នោះក៏មានម្ភៃហត្ថដែរ។ ផ្នែកខាងក្នុង ស្ដេចឲ្យគេស្រោបមាសដែលមានគុណភាពខ្ពស់ ទម្ងន់ ៦០០ហាប។
9. រីឯមាសដែលប្រើសម្រាប់ធ្វើដែកគោល មានទម្ងន់ហាសិបតម្លឹង ហើយបន្ទប់ខាងលើក៏ស្រោបមាសដែរ។
10. នៅក្នុងអាគារនៃទីសក្ការៈបំផុត ស្ដេចឲ្យគេឆ្លាក់រូបចេរូប៊ីន*មួយគូ ព្រមទាំងស្រោបមាសផង។
11. ស្លាបរបស់ចេរូប៊ីនទាំងពីរសរុបគ្នាមានប្រវែងម្ភៃហត្ថ គឺស្លាបម្ខាងរបស់ចេរូប៊ីនទីមួយ មានប្រវែងប្រាំហត្ថ លាតទៅទល់នឹងជញ្ជាំងព្រះដំណាក់ ស្លាបម្ខាងទៀតប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបរបស់ចេរូប៊ីនទីពីរ
12. រីឯស្លាបរបស់ចេរូប៊ីនទីពីរ មានប្រវែងប្រាំហត្ថ លាតទៅទល់ជញ្ជាំងព្រះដំណាក់ ហើយស្លាបម្ខាងទៀតមានប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបចេរូប៊ីនទីមួយ។
13. ដូច្នេះ ស្លាបរបស់ចេរូប៊ីនទាំងពីរ ដែលត្រដាងនោះ មានប្រវែងម្ភៃហត្ថ។ ចេរូប៊ីនទាំងពីរនេះឈរទន្ទឹមគ្នា បែរមុខទៅរកច្រកចូល។
14. ស្ដេចបានឲ្យគេធ្វើវាំងននអំពីក្រណាត់ទេសឯកម៉ដ្ដ មានពណ៌ស្វាយ ក្រហម ខៀវ ហើយមានប៉ាក់រូបចេរូប៊ីន នៅលើក្រណាត់នោះផង។