18. លោកមីកាយ៉ាទូលថា៖ «ពិតមែនហើយ! ដូច្នេះ សូមសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ទូលបង្គំឃើញព្រះអម្ចាស់គង់លើរាជបល្ល័ង្ក ហើយមានកងពលនៃស្ថានបរមសុខទាំងមូលឈរគាល់ព្រះអង្គ ទាំងឆ្វេង ទាំងស្ដាំផង។
19. ព្រះអម្ចាស់មានព្រះបន្ទូលថា “តើអ្នកណាចង់ល្បួងអហាប់ ជាស្ដេចស្រុកអ៊ីស្រាអែល ឲ្យទៅច្បាំងយកក្រុងរ៉ាម៉ូតនៃស្រុកកាឡាដ ដើម្បីឲ្យអហាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។
20. ពេលនោះ មានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយទូលថា “ទូលបង្គំនឹងទៅល្បួង!” ព្រះអម្ចាស់មានព្រះបន្ទូលសួរថា “តើអ្នកធ្វើដូចម្ដេច?”។
21. វិញ្ញាណនោះទូលថា “ទូលបង្គំនឹងបណ្ដាលចិត្តព្យាការីទាំងអស់របស់ស្ដេច ឲ្យពោលតែពាក្យភូតកុហក”។ ព្រះអម្ចាស់មានព្រះបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ល្បួងគេ ដូច្នេះ ចូរទៅធ្វើចុះ!”។