10. លោកសេដេគាជាកូនរបស់លោកក្នាណាធ្វើស្នែងដែក ហើយពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីឲ្យវិនាសសូន្យ!»។
11. ព្យាការីទាំងអស់ក៏ទស្សន៍ទាយបែបនោះដែរ ពួកគេទូលស្ដេចថា៖ «សូមព្រះករុណាយាងទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ព្រះករុណាមុខជាទទួលជ័យជំនះមិនខាន។ ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយ!»។
12. មហាតលិកដែលស្ដេចចាត់ឲ្យទៅតាមហៅលោកមីកាយ៉ា បានប្រាប់លោកថា៖ «ព្យាការីទាំងអស់សុទ្ធតែទស្សន៍ទាយការល្អព្រមគ្នា ថ្វាយព្រះរាជា ដូច្នេះ សូមលោកទាយការល្អថ្វាយព្រះរាជាដូចគេដែរទៅ!»។
13. លោកមីកាយ៉ាឆ្លើយថា៖ «ខ្ញុំសូមជម្រាបលោកក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា ព្រះរបស់ខ្ញុំមានព្រះបន្ទូលមកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រកាសយ៉ាងនោះ!»។
14. ពេលលោកមកដល់ ព្រះរាជាមានរាជឱង្ការមកកាន់លោកថា៖ «មីកាយ៉ាអើយ តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាទូលថា៖ «សូមព្រះករុណាទាំងពីរយាងទៅចុះ! ព្រះករុណាមុខជាទទួលជ័យជំនះមិនខាន! ព្រះអម្ចាស់ប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយតើ!»។
15. ប៉ុន្តែ ស្ដេចមានរាជឱង្ការមកលោកវិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា ឲ្យអ្នកនិយាយតែការពិតប្រាប់យើង ក្នុងនាមព្រះអម្ចាស់?»។