4. ព្រះបាទបេនហាដាឌយល់ព្រមតាមសំណូមពររបស់ព្រះបាទអេសា ហើយចាត់មេទ័ពឲ្យទៅវាយក្រុងនានារបស់ស្រុកអ៊ីស្រាអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-ម៉ែម និងក្រុងទាំងប៉ុន្មាន ព្រមទាំងកន្លែងផ្ទុកស្បៀង នៅស្រុកណែបថាលី។
5. កាលព្រះបាទបាសាជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា គឺទ្រង់ផ្អាកកិច្ចការទាំងអស់។
6. ពេលនោះ ព្រះបាទអេសាបានកេណ្ឌជនជាតិយូដាទាំងមូល ឲ្យជញ្ជូនថ្ម និងឈើ ដែលព្រះបាទបាសាប្រើប្រាស់សម្រាប់សង់កំពែងក្រុងរ៉ាម៉ា។ ស្ដេចយកថ្ម និងឈើទាំងនោះទៅសង់កំពែងក្រុងកេបា និងក្រុងមីសប៉ា។
7. នៅគ្រានោះ លោកហាណានី ជាគ្រូទាយ ចូលទៅគាល់ព្រះបាទអេសា ស្ដេចស្រុកយូដា ទូលថា៖ «ដោយព្រះករុណាពឹងផ្អែកលើស្ដេចស្រុកស៊ីរី គឺពុំបានពឹងផ្អែកលើព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាទេនោះ កងទ័ពរបស់ស្ដេចស្រុកស៊ីរីបានគេចផុតពីកណ្ដាប់ដៃរបស់ព្រះករុណា។