9. ព្រះបាទអេសាប្រមូលផ្តុំប្រជាជនយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ និងស៊ីម្មាន ដែលបានភៀសខ្លួនមកនៅស្រុកយូដា ដ្បិតជនជាតិអ៊ីស្រាអែលមួយចំនួនធំ បានមករួបរួមជាមួយស្ដេច ព្រោះពួកគេឃើញថា ព្រះអម្ចាស់ជាព្រះរបស់ស្ដេច គង់នៅជាមួយស្ដេច។
10. ពួកគេមកជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅខែទីបី ក្នុងឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះបាទអេសា។
11. នៅថ្ងៃនោះ ពួកគេយកសត្វពីចំណោមហ្វូងសត្វដែលពួកគេរឹបអូសបានជាជយភ័ណ្ឌ មកថ្វាយជាយញ្ញបូជាចំពោះព្រះអម្ចាស់ គឺមានគោប្រាំពីររយក្បាល និងចៀមប្រាំពីរពាន់ក្បាល។
12. ពួកគេបានចូលរួមក្នុងសម្ពន្ធមេត្រី ដោយតាំងចិត្តស្វែងរកព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ យ៉ាងស្មោះអស់ពីចិត្ត និងអស់ពីស្មារតី។
13. ប្រសិនបើអ្នកណាម្នាក់ ទោះបីក្មេង ឬចាស់ក្ដី ប្រុស ឬស្រីក្ដី មិនស្វែងរកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
14. ពួកគេនាំគ្នាស្បថចំពោះព្រះអម្ចាស់ដោយស្រែកហ៊ោសប្បាយជាខ្លាំង ព្រមទាំងមានផ្លុំស្នែង និងត្រែផង។
15. អ្នកស្រុកយូដាទាំងមូលមានអំណរសប្បាយនឹងពាក្យសម្បថនោះ ព្រោះពួកគេបានស្បថ យ៉ាងស្មោះអស់ពីចិត្ត។ ពួកគេស្វែងរកព្រះអម្ចាស់ដោយចិត្តស្មោះសរ ហើយព្រះអង្គក៏ឲ្យពួកគេរកព្រះអង្គឃើញ ព្រមទាំងប្រោសប្រទានឲ្យពួកគេបានសុខសាន្តគ្រប់ទិសទី។
16. ព្រះបាទអេសាហូតងារជាមហាក្សត្រិយានីពីព្រះរាជនីម៉ាកា ជាមាតា ព្រោះមាតាបានកសាងរូបគំរក់មួយ ជាតំណាងព្រះអាសេរ៉ា។ ព្រះបាទអេសាកម្ទេចរូបដ៏គំរក់នោះ ហើយយកទៅដុតចោលនៅជ្រោះកេដ្រូន។