2. ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះអង្គថា៖
3. «ចូរប្រាប់រេហូបោម ជាបុត្ររបស់សាឡូម៉ូន ស្ដេចស្រុកយូដា ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងអស់ ក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនថា
4. ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងបងប្អូនរបស់អ្នករាល់គ្នាឡើយ! ចូរវិលទៅកាន់ទីលំនៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើឲ្យសភាពការណ៍នេះកើតមាន»។ ពួកគេក៏ស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយនាំគ្នាវិលត្រឡប់ទៅវិញ ដោយមិនវាយលុកព្រះបាទយេរ៉ូបោមទេ។
5. ព្រះបាទរេហូបោមគង់នៅក្នុងក្រុងយេរូសាឡឹម ហើយស្ដេចបានសង់ក្រុងដែលមានកំពែងរឹងមាំជាច្រើន នៅស្រុកយូដា
6. គឺមានបេថ្លេហិម អេថាម ត្កូអា
7. បេត-ស៊ើរ សូគរ អាឌូឡាំ
8. កាថ ម៉ារីសា ស៊ីភ
9. អាដូរែម ឡាគីស អាសេកា
10. សូរ៉ាស់ អាយ៉ាឡូន និងហេប្រូន។ ក្រុងទាំងនោះសុទ្ធតែជាក្រុងរបស់ស្រុកយូដា និងបេនយ៉ាមីន។
11. ព្រះបាទរេហូបោមបានសង់កំពែងឲ្យកាន់តែរឹងមាំថែមទៀត ព្រមទាំងតែងតាំងមេបញ្ជាការឲ្យគ្រប់គ្រង ហើយផ្ទុកស្បៀងអាហារ ប្រេង និងស្រា ក្នុងក្រុងទាំងនោះផង។
12. នៅក្នុងក្រុងនីមួយៗមានខែលធំ និងលំពែងយ៉ាងច្រើន ត្រៀមទុក។ ស្ដេចបានធ្វើឲ្យក្រុងទាំងនោះទៅជារឹងមាំបំផុត ដើម្បីពង្រឹងការត្រួតត្រាលើទឹកដីយូដា និងទឹកដីបេនយ៉ាមីន។
13. ពួកបូជាចារ្យ និងពួកលេវីដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល បាននាំគ្នាមកពីគ្រប់ទីកន្លែង សុំរួបរួមជាមួយព្រះបាទរេហូបោម។
14. ពួកលេវីបោះបង់ចោលផ្ទះសម្បែង និងដីធ្លីរបស់ខ្លួន ទៅរស់នៅក្នុងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រោះព្រះបាទយេរ៉ូបោម ព្រមទាំងបុត្រ មិនឲ្យពួកគេបំពេញមុខងារជាបូជាចារ្យបម្រើព្រះអម្ចាស់ទេ។
15. ព្រះបាទយេរ៉ូបោមបានជ្រើសតាំងមនុស្សឲ្យធ្វើជាបូជាចារ្យ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីបម្រើព្រះក្លែងក្លាយ មានរូបពពែឈ្មោល និងកូនគោ ដែលស្ដេចបានសូន។
16. រីឯអស់អ្នកនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ដែលមានចិត្តស្វែងរកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ក៏មកក្រុងយេរូសាឡឹមតាមពួកលេវី ដើម្បីថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ។
17. ដូច្នេះ ពួកគេពង្រឹងអាណាចក្រយូដា និងជួយគាំទ្រព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូន ក្នុងរយៈពេលបីឆ្នាំ ដ្បិតក្នុងអំឡុងពេលបីឆ្នាំនោះ គេដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។
18. ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាឡាត ជាបុត្រីរបស់សម្ដេចយេរីម៉ុត ដែលត្រូវជាបុត្ររបស់ព្រះបាទដាវីឌ និងនាងអប៊ីហែល ជាកូនរបស់លោកអេលាប និងជាចៅរបស់លោកអ៊ីសាយ។