21. កេហាស៊ីក៏រត់តាមលោកណាម៉ាន់។ កាលលោកណាម៉ាន់ឃើញកេហាស៊ីរត់មកតាមលោក លោកក៏ប្រញាប់ចុះពីលើរទេះមកទទួល ហើយសួរថា៖ «តើមានហេតុការណ៍អ្វី?»។
22. កេហាស៊ីឆ្លើយថា៖ «គ្មានហេតុការណ៍អ្វីទេ! ប៉ុន្តែ ម្ចាស់របស់ខ្ញុំប្របាទចាត់ខ្ញុំប្របាទឲ្យមកជម្រាបលោកថា “មានសមាជិកនៃក្រុមព្យាការីពីររូបមកពីតំបន់ភ្នំអេប្រាអ៊ីម ទើបនឹងមកដល់ផ្ទះខ្ញុំ សូមលោកមេត្តាជួយផ្ដល់ប្រាក់មួយហាប និងសម្លៀកបំពាក់ពីរបន្លាស់សម្រាប់គេទាំងពីរផង”»។
23. លោកណាម៉ាន់មានប្រសាសន៍ថា៖ «សូមទទួលយកប្រាក់ពីរហាបចុះ»។ លោកបង្ខំកេហាស៊ីឲ្យទទួលប្រាក់ពីរហាប ព្រមទាំងសម្លៀកបំពាក់ពីរបន្លាស់ដាក់ក្នុងថង់ពីរ រួចចាត់អ្នកបម្រើពីរនាក់ឲ្យលីទៅជាមួយកេហាស៊ី។
24. លុះមកដល់កន្លែងដែលមានទួល កេហាស៊ីទទួលថង់ទាំងពីរពីដៃអ្នកបម្រើ យកទៅទុកក្នុងផ្ទះរបស់គាត់ ហើយប្រាប់អ្នកទាំងពីរឲ្យវិលត្រឡប់ទៅវិញ។
25. បន្ទាប់មក គាត់ចូលទៅជួបលោកអេលីសេ ជាម្ចាស់របស់គាត់ លោកសួរគាត់ថា៖ «កេហាស៊ី តើឯងទើបនឹងមកពីណា?»។