27. កាលនាងទៅដល់ភ្នំកើមែល ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ នាងក្រាបសំពះឱបជើងលោក។ កេហាស៊ីចង់ចូលទៅទាញនាងចេញ តែអ្នកជំនិតរបស់ព្រះជាម្ចាស់មានប្រសាសន៍ថា៖ «កុំរំខាននាងអី! ព្រោះនាងកំពុងតែព្រួយចិត្តយ៉ាងខ្លាំង។ ព្រះអម្ចាស់បានលាក់មិនឲ្យខ្ញុំដឹងហេតុការណ៍នោះឡើយ»។
28. នាងពោលឡើងថា៖ «លោកម្ចាស់! នាងខ្ញុំពុំបានសុំកូនពីលោកទេ នាងខ្ញុំជម្រាបលោកម្ចាស់ហើយថា សូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។
29. លោកអេលីសេមានប្រសាសន៍ទៅកាន់កេហាស៊ីថា៖ «ចូររៀបចំខ្លួន ហើយយកដំបងរបស់ខ្ញុំចេញដំណើរទៅចុះ!។ ប្រសិនបើជួបអ្នកណាម្នាក់តាមផ្លូវ ចូរកុំជម្រាបសួរគេ ហើយបើនរណាជម្រាបសួរអ្នក កុំតបវិញឡើយ។ ត្រូវយកដំបងរបស់ខ្ញុំដាក់លើមុខកូនក្មេងនោះ»។
30. ប៉ុន្តែ ម្ដាយរបស់ក្មេងនោះពោលថា៖ «នាងខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា នាងខ្ញុំមិនចាកចេញពីលោកទេ!»។ លោកអេលីសេក្រោកឡើង ដើរតាមនាងទៅ។
31. កេហាស៊ីទៅដល់មុនគេ គាត់យកដំបងទៅដាក់លើមុខក្មេងនោះ ប៉ុន្តែ ពុំមានឮសូរសំឡេង ឬមានចលនាអ្វីឡើយ។ កេហាស៊ីវិលមកជួបលោកអេលីសេជម្រាបថា៖ «ក្មេងនោះពុំភ្ញាក់ទេ»។
32. កាលលោកអេលីសេចូលទៅក្នុងផ្ទះ ក្មេងនោះដេកស្លាប់លើគ្រែផុតទៅហើយ។
33. លោកអេលីសេចូលទៅក្នុងបន្ទប់ ហើយបិទទ្វារជិត។ លោកនៅតែពីរនាក់ជាមួយក្មេងនោះ ដើម្បីទូលអង្វរព្រះអម្ចាស់។
34. បន្ទាប់មក លោកក៏ទ្រោបលើក្មេងនោះ ដោយយកមាត់ដាក់លើមាត់ ភ្នែកទល់នឹងភ្នែក ហើយដៃដាក់លើដៃដែរ។ លោកទ្រោបលើក្មេងនោះ ធ្វើឲ្យខ្លួនរបស់វាមានកម្ដៅឡើងវិញ។
35. លោកអេលីសេចុះមកវិញ ហើយដើរចុះដើរឡើងនៅក្នុងផ្ទះ រួចក៏ឡើងទ្រោបលើខ្លួនក្មេងនោះសាជាថ្មី។ ស្រាប់តែក្មេងនោះកណ្ដាស់ប្រាំពីរដង រួចបើកភ្នែក។
36. លោកអេលីសេហៅកេហាស៊ីមក ហើយមានប្រសាសន៍ថា៖ «ចូរហៅស្ត្រីអ្នកភូមិស៊ូណែមមក!»។ គាត់ក៏ទៅហៅនាង នាងចូលមកជិតលោកអេលីសេ លោកប្រាប់នាងថា៖ «ចូរយកកូននាងទៅចុះ!»។
37. នាងចូលទៅជិតលោក ហើយក្រាបចុះដល់ដីនៅជើងលោក រួចយកកូនចេញមក។