២ ពង្សា‌វតារ‌ក្សត្រ 4:14-25 Khmer Standard Version (KHSV)

14. លោក​មាន​ប្រសាសន៍​ថា៖ «បើ​ដូច្នេះ តើ​ត្រូវ​តប​ស្នង​អ្វី​ដល់​នាង?»។ កេហា‌ស៊ី​ឆ្លើយ​ថា៖ «នាង​គ្មាន​កូន​ទេ ហើយ​ប្ដី​នាង​ក៏​ចាស់​ដែរ»។

15. លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​នាង​មក»។ កេហា‌ស៊ី​ក៏​ហៅ​នាង ហើយ​នាង​មក​ឈរ​នៅ​មាត់​ទ្វារ​បន្ទប់។

16. លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ នាង​នឹង​មាន​កូន​ប្រុស​ព​នៅ​ក្នុង​ដៃ»។ នាង​ឆ្លើយ​ថា៖ «ទេ លោក​ម្ចាស់​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សូម​កុំ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។

17. ស្ត្រី​នោះ​ក៏​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ នៅ​ឆ្នាំ​បន្ទាប់ ក្នុង​ខែ​ដដែល​នោះ ដូច​លោក​អេលីសេ​ប្រាប់​នាង។

18. កូន​ប្រុស​នោះ​មាន​វ័យ​ចម្រើន​ធំ​ឡើង។ ថ្ងៃ​មួយ កូន​នោះ​ទៅ​លេង​ជា​មួយ​ឪពុក ដែល​កំពុង​ត្រួត​ពិនិត្យ​អ្នក​ច្រូត​ស្រូវ។

19. ស្រាប់​តែ​ក្មេង​នោះ​ប្រាប់​ឪពុក​ថា៖ «ពុក​អើយ កូន​ឈឺ​ក្បាល កូន​ឈឺ​ក្បាល​ណាស់!»។ ឪពុក​ស្រែក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​បី​យក​ទៅ​ឲ្យ​ម្ដាយ​វា​ឆាប់​ឡើង!»។

20. អ្នក​បម្រើ​បី​ក្មេង​នោះ​យក​ទៅ​ប្រគល់​ឲ្យ​ម្ដាយ។ កូន​នោះ​ដេក​លើ​ភ្លៅ​ម្ដាយ​រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ក៏​ស្លាប់​ទៅ។

21. នាង​បី​កូន​ឡើង​ទៅ​ក្នុង​បន្ទប់​លោក​អេលីសេ នាង​ផ្ដេក​កូន​នៅ​លើ​គ្រែ​របស់​លោក រួច​បិទ​ទ្វារ​បន្ទប់។ នាង​រត់​ទៅ​តាម​ប្ដី​នៅ​ឯ​ស្រែ

22. ស្រែក​ប្រាប់​ថា៖ «សូម​បង​ចាត់​ក្មេង​បម្រើ​ម្នាក់ ព្រម​ទាំង​លា​មួយ​ឲ្យ​មក​ខ្ញុំ! ខ្ញុំ​ប្រញាប់​ទៅ​ផ្ទះ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ រួច​ខ្ញុំ​វិល​មក​វិញ»។

23. ប្ដី​របស់​នាង​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ចង់​ទៅ​ផ្ទះ​លោក​នៅ​ថ្ងៃ​នេះ? ព្រោះ​ថ្ងៃ​នេះ​មិន​មែន​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ឬ​ថ្ងៃ​សប្ប័ទ*​ទេ»។ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បារម្ភ​អ្វី​ឡើយ!»។

24. នាង​ឲ្យ​គេ​ចង​កែប​លា ហើយ​បញ្ជា​ទៅ​ក្មេង​បម្រើ​ថា៖ «ចូរ​ដឹក​លា​ទៅ បើ​ខ្ញុំ​មិន​ប្រាប់​ឲ្យ​ឈប់​ទេ កុំ​ឈប់​តាម​ផ្លូវ​ឲ្យ​សោះ!»។

25. នាង​ក៏​ចេញ​ដំណើរ​ទៅ ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​នៅ​ភ្នំ​កើមែល។ កាល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ឃើញ​នាង​ពី​ចម្ងាយ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី ជា​ក្មេង​បម្រើ​ថា៖ «មើល៍​ស្ត្រី​នៅ​ភូមិ​ស៊ូ‌ណែម​ទេ​តើ!

២ ពង្សា‌វតារ‌ក្សត្រ 4