13. លោកអេលីសេទូលស្ដេចអ៊ីស្រាអែលថា៖ «តើព្រះករុណាយាងមករកទូលបង្គំធ្វើអ្វី? ម្ដេចក៏មិនយាងទៅរកពួកព្យាការីរបស់មាតាបិតាព្រះករុណាទៅ!»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់លោកថា៖ «ទេ ដ្បិតព្រះអម្ចាស់ហើយដែលបានហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។
14. លោកអេលីសេទូលថា៖ «ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះដែលទូលបង្គំគោរពបម្រើ និងជាព្រះដែលមានព្រះជន្មគង់នៅថា បើទូលបង្គំមិនយល់ដល់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាទេ ទូលបង្គំមិនអើពើ ឬក្រឡេកមើលព្រះករុណាឡើយ។
15. ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី ឫទ្ធិបារមីរបស់ព្រះអម្ចាស់ក៏មកសណ្ឋិតលើព្យាការីអេលីសេ។
16. លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ចូរជីកប្រឡាយនៅតាមជ្រលងភ្នំនេះឲ្យច្រើន”។
17. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា “ទោះបីអ្នករាល់គ្នាមិនឃើញមានខ្យល់ មានភ្លៀងក្ដី ជ្រលងភ្នំនេះនឹងមានទឹកពោរពេញ ហើយអ្នករាល់គ្នានឹងមានទឹកបរិភោគ ព្រមទាំងទឹកសម្រាប់ហ្វូងសត្វ និងជំនិះរបស់អ្នករាល់គ្នាផង”។
18. ប៉ុន្តែ នេះជាការតូចតាច នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ប៉ុណ្ណោះ។ ព្រះអង្គនឹងប្រគល់ជនជាតិម៉ូអាប់មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា។
19. ព្រះករុណាត្រូវបំផ្លាញទីក្រុងដែលមានកំពែងដ៏រឹងមាំ និងទីក្រុងសំខាន់ៗទាំងអស់ចោល។ ព្រះករុណាត្រូវកាប់រំលំដើមឈើល្អៗ បិទប្រភពទឹកទាំងអស់ ហើយបំផ្លាញដីស្រែចម្ការទាំងអស់ចោល ដោយយកថ្មទៅចាក់លើដីទាំងនោះ»។
20. លុះព្រឹកឡើង ពេលថ្វាយយញ្ញបូជា មានទឹកហូរមកពីស្រុកអេដុម ពាសពេញតំបន់នោះ។
21. កាលជនជាតិម៉ូអាប់ដឹងថា ស្ដេចទាំងបីអង្គលើកទ័ពមកច្បាំងនឹងពួកគេ ពួកគេប្រមូលផ្ដុំអស់អ្នកដែលមានវ័យអាចបម្រើទ័ពបាន ទាំងក្មេង ទាំងចាស់ ហើយបញ្ជូនទ័ពនោះទៅដាក់តាមព្រំដែន។
22. ជនជាតិម៉ូអាប់ក្រោកពីព្រលឹម ហើយឃើញព្រះអាទិត្យចាំងនៅលើផ្ទៃទឹក មានពណ៌ក្រហមដូចជាឈាម