15. លោកអេសាយសួរព្រះបាទហេសេគាទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងព្រះបរមរាជវាំង?»។ ព្រះបាទហេសេគាតបវិញថា៖ «ពួកគេបានឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបានបង្ហាញភោគទ្រព្យទាំងអស់ ឲ្យពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។
16. ពេលនោះ លោកអេសាយទូលព្រះបាទហេសេគាថា៖ «សូមព្រះករុណាទ្រង់ព្រះសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូចតទៅ:
17. ព្រះអម្ចាស់មានព្រះបន្ទូលថា នៅគ្រាខាងមុខ រាជ្យទ្រព្យទាំងអស់ ដែលស្ថិតនៅក្នុងវាំងរបស់ព្រះករុណា និងភោគសម្បត្តិដែលព្រះអយ្យកោរបស់ព្រះករុណាបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។
18. គេក៏នាំរាជវង្សានុវង្សរបស់ព្រះករុណាយកទៅធ្វើជាមហាតលិក នៅក្នុងវាំងរបស់ស្ដេចស្រុកបាប៊ីឡូនដែរ»។
19. ព្រះបាទហេសេគាមានរាជឱង្ការតបទៅលោកអេសាយវិញថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលលោកថ្លែងនេះ ល្អហើយ»។ ព្រះរាជាមានរាជឱង្ការទៀតថា៖ «ក្នុងពេលដែលយើងមានជីវិត នោះនៅតែមានសន្តិភាព និងសុខសាន្តត្រាណ មែនទេ?»។
20. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទហេសេគា និងវីរភាពដ៏អង់អាចទាំងប៉ុន្មាន ហើយការជីកស្រះ និងប្រឡាយ ដើម្បីបង្ហូរទឹកចូលក្នុងក្រុងយេរូសាឡឹម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
21. កាលព្រះបាទហេសេគាសោយទិវង្គត ព្រះបាទម៉ាណាសេ ជាបុត្រ បានឡើងស្នងរាជ្យ។