24. ទោះបីព្រះករុណាពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក្ដី សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង។
25. មួយវិញទៀត យើងលើកទ័ពមកវាយកម្ទេចកន្លែងនេះ ស្របតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអម្ចាស់បង្គាប់ឲ្យយើងមកវាយកម្ទេចក្រុងនេះ»។
26. ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា លោកសេបណា និងលោកយ៉ូអា ពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអារ៉ាមចុះ ដ្បិតយើងខ្ញុំស្ដាប់ភាសាលោកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។
27. មេទ័ពអាស្ស៊ីរីតបមកវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺព្រះរាជាឲ្យយើងមកប្រាប់ជនទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះមុខតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯង ដូចអស់លោកដែរ»។