15. ព្រះបាទហេសេគាប្រមូលប្រាក់ទាំងអស់ ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងរាជ្យទ្រព្យ ទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។
16. នៅគ្រានោះ ព្រះបាទហេសេគាគាស់មាសដែលស្ដេចបានស្រោបនៅខ្លោងទ្វារ និងក្របទ្វារនៃព្រះដំណាក់របស់ព្រះអម្ចាស់ យកទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។
17. ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព មេបញ្ជាការ និងរាជបម្រើផ្ទាល់របស់ស្ដេច ពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបព្រះបាទហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ ពួកគេឡើងមកដល់ក្រុងយេរូសាឡឹម។ ពេលមកដល់ ពួកគេឈរនៅក្បែរព្រែកជីកដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ
18. ហើយស្រែកហៅស្ដេចស្រុកយូដា។ ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង បានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។