6. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអសារា និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
7. ព្រះបាទអសារាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទយ៉ូថាម ជាបុត្រ ឡើងស្នងរាជ្យ។
8. នៅឆ្នាំទីសាមសិបប្រាំបីនៃរជ្ជកាលព្រះបាទអសារា ជាស្ដេចស្រុកយូដា ព្រះបាទសាការី ជាបុត្ររបស់ព្រះបាទយេរ៉ូបោម ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានប្រាំមួយខែនៅក្រុងសាម៉ារី។
9. ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចពួកអយ្យកោដែរ គឺស្ដេចពុំបានងាកចេញពីអំពើបាបដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
10. គ្រានោះ លោកសាលូម ជាកូនរបស់លោកយ៉ាបេស បានក្បត់ស្ដេច ហើយធ្វើគុតស្ដេចនៅចំពោះមុខប្រជាជន រួចឡើងសោយរាជ្យជំនួស។
11. រាជកិច្ចផ្សេងៗរបស់ព្រះបាទសាការីសុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
12. ហេតុការណ៍នេះកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ព្រះបាទយេហ៊ូវថា៖ «កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលបានបួនតំណ»។
13. ព្រះបាទសាលូម ជាកូនរបស់លោកយ៉ាបេស ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលព្រះបាទអូស្យ៉ាស ជាស្ដេចស្រុកយូដា ទ្រង់សោយរាជ្យបានមួយខែ នៅក្រុងសាម៉ារី។
14. លោកមណាហិម ជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី ធ្វើគុតព្រះបាទសាលូម ជាបុត្ររបស់លោកយ៉ាបេស ហើយក៏ឡើងសោយរាជ្យជំនួស។