29. ក្នុងរជ្ជកាលព្រះបាទពេកា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានវាយដណ្ដើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។
30. លោកហូស៊ា ជាកូនរបស់លោកអេឡា បានឃុបឃិតក្បត់នឹងព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា លោកធ្វើគុតស្ដេច ហើយឡើងសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារា ស្ដេចស្រុកយូដា។
31. រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទពេកា និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
32. នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារា ឡើងសោយរាជ្យលើស្រុកយូដា។