4. គេងាកចេញពីសេចក្ដីពិត ហើយបែរទៅស្ដាប់រឿងព្រេងនិទានវិញ។
5. ចំពោះអ្នក អ្នកត្រូវមានស្មារតីរឹងប៉ឹងគ្រប់វិស័យទាំងអស់ ត្រូវស៊ូទ្រាំនឹងទុក្ខលំបាក ត្រូវបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ព្រមទាំងបំពេញមុខងាររបស់ខ្លួនឲ្យបានល្អប្រសើរផង។
6. រីឯខ្ញុំវិញ ខ្ញុំបានបូជាជីវិតរួចស្រេចហើយ ហើយក៏ដល់ពេលកំណត់ ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។
7. ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។
8. ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត បានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលព្រះអង្គយាងមក ទ្រង់មិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្តស្រឡាញ់ ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងឱឡារិកនោះដែរ។
9. ចូរលៃលកទៅរកខ្ញុំជាប្រញាប់។
10. លោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសទៅស្រុកដាល់ម៉ាទា។
11. មានតែលោកលូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។
12. ខ្ញុំបានចាត់លោកទីឃីកុសឲ្យទៅក្រុងអេភេសូ។
13. ពេលអ្នកចេញទៅ ចូរយកអាវធំដែលខ្ញុំទុកនៅផ្ទះលោកការប៉ុសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេសក្រាំងស្បែក។
14. លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ ព្រះអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្តនោះជាមិនខាន។
15. អ្នកក៏ត្រូវប្រយ័ត្ននឹងគាត់ដែរ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្ដីដែលយើងប្រកាស។
16. ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយ!។