11. ដោយយើងបានស្គាល់ការគោរពកោតខ្លាចព្រះជាម្ចាស់ហើយ យើងក៏ខិតខំណែនាំមនុស្សលោកឲ្យជឿដែរ។ ព្រះជាម្ចាស់ស្គាល់ចិត្តយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្តយើងដែរ)។
12. យើងមិនតែងតាំងខ្លួនឯងនៅចំពោះមុខបងប្អូនសាជាថ្មីទៀតទេ តែយើងជូនឱកាសឲ្យបងប្អូនបានខ្ពស់មុខ ព្រោះតែយើងវិញ ដើម្បីឲ្យបងប្អូនអាចឆ្លើយតបនឹងអស់អ្នក ដែលអួតខ្លួនតែពីអ្វីៗនៅខាងក្រៅ ហើយមិនគិតពីអ្វីៗក្នុងចិត្តទេ។
13. ប្រសិនបើគេថា យើងជាមនុស្សវង្វេងស្មារតី នោះយើងវង្វេងស្មារតី ព្រោះតែព្រះជាម្ចាស់ ហើយប្រសិនបើគេថា យើងជាមនុស្សដឹងខុសត្រូវ នោះយើងដឹងខុសត្រូវ ព្រោះតែបងប្អូន
14. ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ដបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។
15. ព្រះអង្គបានសោយទិវង្គតសម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលមានជីវិតលែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។
16. ដូច្នេះ ពីពេលនេះតទៅ យើងឈប់រាប់នរណាម្នាក់តាមរបៀបមនុស្សទៀតហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រិស្ដកាលព្រះអង្គនៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គ តាមរបៀបមុនទៀតឡើយ។
17. ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។
18. ការទាំងនេះកើតមកពីព្រះជាម្ចាស់ ដែលសម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ដ ហើយប្រទានឲ្យយើងមានមុខងារសម្រុះសម្រួលមនុស្សម្នាឲ្យជានានឹងព្រះអង្គវិញដែរ។
19. នៅក្នុងអង្គព្រះគ្រិស្ដ ព្រះជាម្ចាស់បានសម្រុះសម្រួលមនុស្សលោកឲ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេឡើយ។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។
20. ដូច្នេះ យើងជាទូតរបស់ព្រះគ្រិស្ដ គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រិស្ដថា ទុកឲ្យព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញទៅ។
21. ព្រះគ្រិស្ដគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើឲ្យព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យបានសុចរិត*រួមជាមួយព្រះគ្រិស្ដដែរ។